លោក នៅ សំណាង ដែលជាម្ចាស់ពុម្ពអក្សរខ្មែរអាក្បាលធំ Ahkbalthom បានធ្វើការព្រមានដល់ក្រុមហ៊ុនរកស៊ីទាំងអស់ ដែលប្រើប្រាស់ពុម្ពអក្សរខ្មែររបស់លោក ដោយមិនបានទិញសិទ្ធិប្រើប្រាស់ ដោយលោកនឹងបង្ហាញក្រុមហ៊ុនទាំងនោះនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៧នេះ ជាសាធារណៈ ។
លោកបានលើកឡើងបន្តទៀតថា៖
លោកអ្នកមានជម្រើស២
ទី១ បញ្ឈប់ការប្រើប្រាស់ពុម្ពអក្សរ AKbalthom ដោយងាកមកប្រើពុម្ពអក្សរខ្មែរផ្សេងៗជាង ៤០០ពុម្ព ។
ទី២ ទិញសិទ្ធិប្រើប្រាស់ ចាត់ទុកដូចជួយឲ្យខ្ញុំមានលទ្ធភាពបន្តការរចនាពុម្ពបន្តទៀត ។
លោកបានបន្តថា៖ អ្នកដែលត្រូវខ្ញុំ screenshot មុនគេគឺផលិតកម្មចម្រៀង និងស្ថានីយទូរទស្សន៍ ។
មុននឹងឈានទៅដល់ការព្រមាននេះលោកក៍បានធ្វើសេចក្ដីជូនដំណឹងជាមុនផងដែរ ស្ដីពីការផ្ដល់សិទ្ធប្រើប្រាស់ពុម្ព Ahkbalthom នេះ។

ទាក់ទងនឹងបញ្ហានេះដែរ (ការយកកម្រៃពីលើពុម្ពអក្សរខ្មែរអាក្បាលធំ ) លោកក៍បានធ្វើការសួរជាសំណួរ និងឆ្លើយជាចម្លើយផងដែរ ខាងក្រោមនេះជាអ្វីដែលគាត់បានលើកឡើង ៖
http://akbalthom.blogspot.com/p/akbalthom-fonts-list.html
សំណួរចម្លើយ និង ការបកស្រាយ ពីការរចនានិងលក់ពុម្ពអក្សរខ្មែរអាក្បាលធំ
«បើប្រើសូមទិញ បើអត់លទ្ធភាពទិញសូមកុំប្រើ»
១- តើការរចនាពុម្ពអក្សរត្រូវការចំណាយដែរទេ?
ចម្លើយ ៖ ត្រូវការចំណាយថ្លៃកុំព្យូទ័រ និងថ្លៃ Software
កុំព្យូទ័រ Laptop ឬ Desktop ខ្ញុំកំពុងប្រើ US$1080 ជាថវិកាឧបត្ថម្ភ និងកម្ចីសប្បុរសមិនយកការប្រាក់
កម្មវិធី FontCreator Professional Edition តម្លៃ US$299.00
កម្មវិធីCorelDRAW Graphics Suite តម្លៃ US$669.00
២- តើចំណាយរយៈពេលប៉ុន្មានដើម្បីរចនាពុម្ពអក្សរនីមួយបានប្រើ?
ចម្លើយ ៖ ចាប់ពី ១សប្ដាហ៍ ឡើងដល់ ២ខែ តាមស្រួលតាមពិបាក ឬពេលវេលាអ្នករចនា ។
៣- តើហេតុអ្វីដាក់ឲ្យគេទាញយកពុម្ពអក្សរយកទៅប្រើស្រួលៗ?
មុនចាប់ផ្ដើមចម្លើយខ្ញុំសូមឲ្យអ្នកអាននូវ ៖
៙ កិច្ចព្រមព្រៀងផ្ដល់សិទ្ធិចំពោះអ្នកប្រើប្រាស់ពុម្ពអក្សរអាក្បាលធំ ៖
+ ការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ៖ ពុម្ពអក្សរដែលបានផ្ដល់ជូននេះ លោកអ្នកអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃចំពោះការប្រើប្រាស់ទាំងឡាយណាដែលមានលក្ខណៈផ្ទាល់ខ្លួន ឲ្យតែការប្រើប្រាស់នោះមិនទាក់ទិននឹងការប្រកាន់ពូជសាសន៍ និង អំពើល្មើសច្បាប់។ ការប្រើប្រាស់ដែលមានលក្ខណៈផ្ទាល់ខ្លួននេះ សំដៅលើការប្រើប្រាស់ទាំងអស់ដែលមិនបង្កើតប្រាក់ចំណូលហិរញ្ញវត្ថុតាមបែបមុខជំនួញ មានជាអាទិ ៖
- សៀវភៅប្រើប្រាស់ផ្ទាល់ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្តសម្រាប់មិត្តភក្ដិ និង គ្រួសារ
- ការបោះពុម្ពទាំងឡាយដូចជា ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ អាវយឺតសម្រាប់ព្រះវិហារ កម្មវិធីសប្បុរសធម៌ និង អង្គការដែលមិនស្វែងរកប្រាក់ចំណេញ។
+ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ៖ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបង្កើតពុម្ពអក្សរឡើយ។ សូមទាក់ទងអ្នកបង្កើតពុម្ពអក្សរដើម្បីស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម សំដៅដល់ការប្រើប្រាស់នៅក្នុងបរិយាកាសជំនួញ ដែលរួមមាន ៖
- នាមប័ណ្ណ ឡូហ្គោ ការផ្សព្វផ្សាយពាណិជ្ជកម្ម វេបសាយត៍ កម្មវិធីទូរស័ព្ទសម្រាប់ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់ផ្សេងៗ ដែលធ្វើសម្រាប់ដាក់លក់
- ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ សម្រាប់កម្មវិធីដែលគិតថ្លៃសម្រាប់ការចូលទស្សនា
- ការងារផ្នែករចនាក្រាហ្វិក
- សកម្មភាពផ្សេងៗទៀតដែលបង្កើតចំណូលដោយផ្ទាល់ ឬ ប្រយោល។
ចម្លើយ ៖ មូលហេតុដែលដាក់ឲ្យទាញយកបានស្រួលៗ គឺខ្ញុំមិនមានពេលវេលាសម្រាប់អង្គុយចាំផ្ញើ Link ឲ្យក្រុមអ្នកប្រើប្រាស់មិនលក្ខណៈពាណិជ្ជកម្ម យកទៅប្រើទេ!!! ហើយសម្រាប់អ្នកប្រើជាលក្ខណៈពាណិជ្ជកម្មក៏មិនបាច់ចំណាយពេល សុំសាកល្បងពុម្ពអក្សរណាមួយ ថាប្រើកើតឬអត់ដែរ ។
៤- តើជាវិធីបោកបញ្ឆោតឲ្យអ្នកប្រើហើយ រួចទារលុយថ្លៃប្រើប្រាស់ពុម្ពអក្សរអាក្បាលធំ ?
ចម្លើយ ៖ ខ្ញុំគ្មានចេតនា ទាក់ទាញ ឬ បោកបញ្ឆោត ឲ្យក្រុមហ៊ុនយកពុម្ពអក្សរខ្ញុំទៅប្រើហើយបានឡាំប៉ាទារលុយថ្លៃប្រើប្រាស់នោះទេ ។ និយាយមួយម៉ាត់យ៉ាងខ្លីទៅកាន់ក្រុមអ្នកប្រើក្នុងលក្ខណៈពាណិជ្ជកម្មថា «បើប្រើសូមទិញ បើអត់លទ្ធភាពទិញសូមកុំប្រើ» ខ្វះអ្វីក្រុមពុម្ពអក្សរ Khmer OS ឬ NiDA ដែលគេមិនបានទារលុយថ្លៃប្រើប្រាស់ ។
៥- មូលហេតុអ្វីបានចាប់ផ្ដើម ScreenShot រាល់កិច្ចរចនា ផលិតផល ដែលប្រើពុម្ពអក្សរអាក្បាលធំ ?
ចម្លើយ ៖ ខ្ញុំចាប់ផ្ដើម ScreenShot ចាប់ពីដើមរាល់កិច្ចការ ឬ រូបភាពទាំងឡាយណាដែលប្រើប្រាស់ពុម្ពអក្សររបស់ខ្ញុំដោយមិនបានទិញសិទ្ធិ ។ ព្រោះខ្ញុំគ្មានលទ្ធភាពតតាំងក្នុងតុលាការទេ ឬក្រសួងពាក់ព័ន្ធទេ មានតែចង្អុលបង្ហាញពីសកម្មភាពរំលោភសិទ្ធិប្រើប្រាស់ ។
៦- តើអ្នកប្រើប្រាស់ទាំងនោះគាត់អាចប្ដឹងពីបទ បរិហារកេរ្តិ៍ ដែរឬទេ ?
ចម្លើយ ៖ ខ្ញុំមិនដឹងនិងមិនខ្វល់ថាមុខមាត់គាត់ ក្រុមហ៊ុនគាត់ធំប៉ុនជញ្ជាំងវិហារ ឬធំផុតមេឃណាទេ ខ្ញុំត្រូវតែហ៊ានចង្អុលបង្ហាញឲ្យប្រជាជនខ្មែរបានដឹងថា ក្រុមហ៊ុនដែលបានផលចំណេញដោយផ្ទាល់ពីការយកពុម្ពអក្សរអាក្បាលធំយកទៅប្រើដោយមិនបានទិញសិទ្ធិប្រើប្រាស់ និងសូមឲ្យបញ្ឈប់ការប្រើប្រាស់ពុម្ពអក្សរអាក្បាលធំបើគ្មានលទ្ធភាពទិញប្រើ ។ ថាមានពុម្ពអក្សរជាច្រើនដែលអាចប្រើដោយមិនទារលុយថ្លៃប្រើប្រាស់ ។
៧- តើមូលហេតុអ្វីបានជាចង់បានលុយពីក្រុមហ៊ុនទាំងនោះខ្លាំងម៉្លេះ?
ចម្លើយ ៖ ការរចនាពុម្ពអក្សរគឺត្រូវចំណាយធនធាន និងពេលវេលា ដូច្នេះត្រូវមានតម្លៃតបស្នងមកវិញ ។
៨- ចុះបើគេមិនឲ្យលុយ តើអ្នកគួរឈប់ដាក់ឲ្យគេទាញយកដែរឬទេ?
ចម្លើយ ខ្ញុំត្រូវតែបន្តសកម្មភាពទារលុយ និងមិនអាចមិនដាក់ឲ្យក្រុមអ្នកប្រើប្រាស់ក្នុងផ្លូវមិនពាណិជ្ជកម្ម បានឡើយ នេះជាគោលការណ៍របស់ខ្ញុំ។
សូមចប់
សម្រាប់ព័ត៌មានបន្ថែមប្រិយមិត្តអាចចូលទៅកាន់វ៉េបសាយគាត់ដោយផ្ទាល់បាន http://akbalthom.blogspot.com
