ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានប្រាប់អ្នកការសែតកាលពីល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ថា នាយទាហានមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្វ្រិកកណ្ដាល នាយប់ថ្ងៃទី០៨ ខែឧសភានោះ ពេលនេះបានស្លាប់ហើយ ដោយសាកសពពួកគាត់បានរកឃើញ នៅថ្ងៃទី០៩ ខែឧសភា នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។
នាយឧត្តមសេនីយ៍បានបន្តទៀតថា "កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចម្ងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីត្រូវបានអន្តរាគមន៍ដោយក្រុមគ្រូព្រះវិហារដែលនៅក្បែរនោះ។ សពទាំងបីកំពុងតម្កល់នៅតំបន់Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក"។
បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាពនេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ(ព្រឹន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រឹន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ ដោយចំនួនអ្នកស្លាប់ទាំងអស់៤នាក់ "មុនម្នាក់ ក្រោយ៣នាក់"៕


