ប៉ូលិស ថៃ បានចាប់ខ្លួនមនុស្ស ៥ នាក់ ដែលបានដុតរូបភាពរបស់អតីតមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតកាលពីឆ្នាំមុន ក្នុងពេលដែលរដ្ឋាភិបាលទីក្រុង បាងកក កំពុងស្ថិតក្នុងដំណាក់កាលតានតឹងជាមួយនឹងក្រុមហ៊ុន Facebook អំពីការចុះផ្សាយរូបភាពប្រមាថរបស់អ្នកប្រើប្រាស់ ក្នុងន័យប្រមាថដល់មហាក្សត្រ ។
ច្បាប់ប្រឆាំងការប្រមាថមហាក្សត្រអាចឲ្យអ្នកប្រព្រឹត្តត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ។ ជនសង្ស័យអ្នកដុតរូបភាពអតីតមហាក្សត្រគឺបុរស ៤ នាក់ និងក្មេងប្រុសម្នាក់ ត្រូវបានចាប់ខ្លួនក្នុងខេត្ត ខុនកឺន (Khon Kaen) ភាគឥសាន្តប្រទេស ចំណែកប៉ូលិសកំពុងបន្តស៊ើបអង្កេតបន្ថែម ដោយឃុំខ្លួនជនសង្ស័យក្នុងពន្ធនាគារយោធាក្នុងទីក្រុង បាងកក ។
អគ្គលេខាធិការផ្នែកត្រួតពិនិត្យការផ្សព្វផ្សាយក្នុងប្រទេស ថៃ លោក ថាកន តានថាស៊ីត និយាយថា ក្រុមហ៊ុន Facebook ស្នើសុំដីកាពីតុលាការមុនពេលក្រុមហ៊ុនអនុវត្តតាមសំណើរបស់រដ្ឋាភិបាល ថៃ ដូច្នេះហើយ រដ្ឋាភិបាលសម្រេចដកចេញនូវការគំរាមបិទ Facebook ដោយស្នើដល់តុលាការឲ្យចេញដីកាបិទគេហទំព័រទាំងឡាយណាដែលបំពានលើច្បាប់ហាមបះពាល់រាជវង្ស ថៃ ។
