រាជធានីភ្នំពេញ៖ ប្រជានេសាទខ្មែរឥស្លាមជាង២០០គ្រួសាររស់នៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្ថិតនៅជាប់ខាងក្រោមសណ្ឋាគារសុខាបន្តិច បានរៀបរាប់ពីជីវិតដ៏មហាសែនកម្សត់រស់នៅជើងមិនជាប់ដី ជីវិតខ្លួនឯង និងគ្រួសារពឹងផ្អែកលើផ្ទៃទឹកទាំងស្រុង លុះមានភ្លៀងខ្យល់ម្ដងៗ ក៏ជួបទុក្ខលំបាកគ្មានបានសម្រាកស្រួលខ្លួនឡើយ។
អ្នកនេសាទខ្មែរឥស្លាមម្នាក់ឈ្មោះថា សាលីម មានវ័យជាង៣០ឆ្នាំបានរៀបរាប់ទាំងមុខស្ងួតថា ចាប់តាំងពីលោកមានវ័យធំដឹងក្ដីពេលណាមក លោកមិនដែលធ្វើអ្វីក្រៅពីប្រកបមុខរបរជាអ្នកនេសាទនេះទេ។ មុខរបរនេសាទ គឺជាមុខរបរស្នួលសំខាន់ជាងគេសម្រាប់ជីវិតគ្រួសារជនជាតិខ្មែរឥស្លាមដូចជាពួកលោក ក្រៅពីនោះមានអ្នកខ្លះរកស៊ីលក់ដូរបន្តិចបន្តិចប៉ុណ្ណោះជាប់មាត់ទឹកតែប៉ុណ្ណោះ។
បុរសរូបនេះបានបន្តថា ពេលមានភ្លៀងខ្យល់ម្ដងៗ ជាពិសេសចាប់ពីខែ៥-៦(ឧសភា-មិថុនា)នេះទៅ ប្រជានេសាទខ្លះដែលពួកគេមានលទ្ធភាព គឺបានឡើងមកសង់តូបតូចៗនៅលើដីគោក ដើម្បីជម្លៀសខ្លួនចេញពីខ្យល់បកបោកនៅលើផ្ទៃទឹក ប៉ុន្តែអ្នកមួយចំនួនទៀតដែលគ្មានលទ្ធភាពធ្វើខ្ទមនោះ គឺពួកគេនៅបន្តរស់នៅលើទឹកដដែល លុះពេលមានភ្លៀងខ្យល់ក៏បណ្ដើតទូកនាំកូនប្រពន្ធមកចូលទន្លេក្នុង (មុខព្រះបរមរាជវាំង) ក្រោយស្ងប់ខ្យល់ទើបត្រលប់ទៅកន្លែងដើមវិញ។
លោក អុី យូ ប្រធានភូមិចុងកោះ និងអាចារ្យដឹកនាំប្រជានេសាទខ្មែរឥស្លាមរស់នៅទីនោះបានឲ្យដឹងដែរថា ពលរដ្ឋទាំងអស់រស់នៅក្រោមការគ្រប់គ្រងរបស់លោកមានចំនួន២៥០គ្រួសារ ក្នុងនោះមានពលរដ្ឋខ្មែរចំនួន៣គ្រួសារផងដែរ ប៉ុន្តែទាំងបីគ្រួសារនោះមិនមែនជាអ្នកនេសាទនោះទេ គឺពួកគេរស់នៅប្រកបរបរដាំបន្លែ និងចិញ្ចឹមសត្វប៉ុណ្ណោះ។
អាចារ្យរូបនេះបន្តថា ទោះបីរស់នៅជាមួយគ្នាក៏ពិតមែន ពួកលោកមិនដែលមានបញ្ហាអ្វីនោះទេ ថែមទាំងមានការរស់នៅសាមគ្គីគ្នាបានល្អទៀតផង។ ចំពោះការរស់នៅតំបន់នោះ គឺជាការរស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ ដរាបណាមានការអភិវឌ្ឍន៍ផ្សេងៗក្នុងតំបន់នោះកើតឡើង ពួកលោកនឹងធ្វើការផ្លាស់ប្ដូរចេញពីទីនោះផងដែរ។
យ៉ាងណាមិញលោកបញ្ជាក់ថា តំបន់ដែលពួកលោកកំពុងរស់នៅនោះគឺមានរយៈពេល៥ឆ្នាំមកហើយ។ បច្ចុប្បន្នលោកបានស្នើសុំអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុញ្ញាតដល់ពលរដ្ឋរបស់ខ្លួនបានសាងសង់រោងនៅលើដីគោករស់នៅផង ព្រោះការរស់នៅក្នុងទូក នៅលើផ្ទៃទឹកផ្ទាល់នៅ គឺមានហានិភ័យច្រើនណាស់ រហូតមានទូកលិចជាច្រើនលើកមកហើយនាពេលកន្លងមកផងដែរ។
គួររម្លឹកថា ពាក្យ «ខ្មែរឥស្លាម» ត្រូវបានគេប្រើប្រាស់ជាទូទៅ សំដៅលើសហគមន៍ចាម ជ្វា និងម៉ាឡេ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា គោរពប្រតិបត្តិសាសនាឥស្លាម។ ការបង្គាប់ឲ្យប្រើពាក្យខ្មែរឥស្លាមនេះ មានកំណើតក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរាជ្យអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ។ ចំពោះការរស់នៅរបស់ពួកគេក្នុងភូមិចុងកោះនោះ គឺមានលក្ខណៈដាច់ឆ្ងាយខ្លាំងពីពលរដ្ឋទូទៅ ខណៈដែលរស់នៅក្នុងរាជធានីភ្នំពេញដូចគ្នាសោះ៕
