រាជធានីភ្នំពេេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាថា នឹងថែរក្សាមន្ទីរពេទ្យគន្ធបុប្ផា មិនឱ្យដួលរំលំឡើយ បើទោះជាអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner ក្តី ។ ការថ្លែងបែបនេះបានធ្វើឡើងក្នុង ពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពីឥស្សរជនមកពីស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ តំណាងអង្គទូត ដៃគូសហប្រតិបត្តិការ វិស័យឯកជន សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានក្នុង-ក្រៅប្រទេស យុវជន អ្នកស្ម័គ្រចិត្ត សមាជិក សមាជិកាកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៤ពាន់នាក់ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហម។
ក្នុងពិធីនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបន្តផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួនមួយលានដុល្លារឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងអរគុណដល់សាធារណជនដែលបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះដើម្បីឲ្យដំណើរការទៅមុខ។
សូមបញ្ជាក់ថា ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងវ័យ ៧០ឆ្នាំ កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ហើយពេលនោះលោកក៏បានលាលែងពីតំណែងផងដែរ ដោយផ្ទេរទៅឲ្យលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យ។ ជុំវិញបញ្ហាសុខភាពរបស់លោក បានប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប្រទេស្វីស ដែលលោកសម្រាកព្យាបាលបានឲ្យដឹងកាលពីពេលថ្មីៗនេះ។
លោកវេជ្ជបណ្ឌិត Beat Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យគន្ធបុប្ផាជួយព្យាបាលកុមារក្រីក្រកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២ ហើយគិតត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យនេះបានចំណាយថវិកាជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ដោយ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងថវិកាប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋាភិបាលស្វីសចូលរួមជួយ ៨.៨ភាគរយ ដោយផ្តល់ជំនួយ៤លានដុល្លារជារៀងរាល់ឆ្នាំ ក្រៅពីនេះគឺបានមកពីសប្បុរសជនក្នុង និងក្រៅស្រុក៕

