ថៃ៖ ពលករខ្មែរចំនួន៤នាក់ ក្នុងចំណោមគ្នា៧នាក់ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលពួកគេបាននាំគ្នា ជិះរថយន្តឈ្នួលមួយចូលទៅ ទីក្រុងបាងកក ដើម្បីរកការងារធ្វើក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវ ៣៣១ ចន្លោះបង្គោលគ.ម ១២១ - ១២២ នៅត្រង់ចំណុចណងអ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ។ នេះបើតាមហ្វេសប៊ុកSan Chay រាយការណ៍ដោយ អ្នកការសែតជាយដែន។
បើតាមសេចក្ដីរាយការណ៍មកបានឲ្យដឹងថា នៅពេលកម្លាំងតម្រួតថៃបានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុបានឃើញថា មានរថយន្តមួយគ្រឿងម៉ាកនីសាន់ NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ ៧២៦២ បានបើកទៅបុកពីក្រោយរថយន្តធុនធ្ងន់ម៉ាក ហ៊ីណូ ប្រភេទយីឌុប សណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ ៧០.០៩៨០ និង ៧០.៣១១៦ ដោយរថយន្តនីសាន់ស្ថិតក្នុងសភាព ខ្ទេចខ្ទី ហើយមានមនុស្សជាច្រើននាក់បានស្លាប់ ខណៈមេឃក៏កំពុងភ្លៀងយ៉ាងខ្លាំង។
ប្រភពខាងលើឲ្យដឹងទៀតថា បន្ទាប់មកកម្លាំងតម្រួតថៃរួមជាមួយប្រជាពលរដ្ឋក៏បាននាំគ្នាគាស់ទាញយកសពអ្នកបើកបរចេញពីឡាន ដែលត្រូវបានក្បាលរថយន្តកៀងជាប់ទៅនឹងចង្កូត ចំណែកឯអ្នកដំណើរជនជាតិខ្មែរ៧នាក់នៅខាងក្រោយ បានស្លាប់ ៤នាក់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ខណៈនោះអត្តសញ្ញាណអ្នកស្លាប់គេទាន់ស្គាល់ឡើង គ្រាន់ដឹងថា អ្នករបួស៣នាក់មានឈ្មោះ នីត ភេទ ស្រី អាយុ៣៤ឆ្នាំ ឈ្មោះ ខេង ភេទប្រុស អាយុ២២ឆ្នាំ និងកុមារអាយុ២ឆ្នាំម្នាក់ រីឯតៃកុងឡានដែលស្លាប់ដែរនោះមានឈ្មោះ ផុងផាត់ មេតអាំផន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១ ឃុំបាងក្លឿ ស្រុក បាងប៉ាក់កុង ខេត្តឆាក់ឈើងសៅ។
បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងដាក់កម្លាំងដើម្បីចុះធ្វើការសាកសួរបន្ថែមទៅលើអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះក៏កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីទាក់ទងទៅអគ្គកុងស៊ុលនិងបញ្ជូនទៅកាន់ស្រុកកំណើតនៅឯប្រទេសកម្ពុជាវិញ។
យ៉ាងណាមិញ ករណីឧបទ្ទវហេតុនេះ ត្រូវបានសមត្ថកិច្ចថៃដាក់ការសន្និដ្ឋានថា ពីរករណី ដោយទី១ អាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែការបើកបរល្មើសលឿនកំណត់ នឹងទី២អាចបណ្តាលមកពីអ្នកបើកបរងងុយដេកផងក៏មិនដឹង ទើបមកបុករថយន្តយីឌុកសណ្ដោងកន្ទុយពីក្រោយបែបនេះ។





