សិល្បៈ ៖ តារាចម្រៀងលោក មាស សាលី ត្រូវបានផលិតកម្ម សាន់ដេ ធីបចោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទើបតែនៅពេលនេះ មានដំណឹងតារារូបនេះជិតមានទឹកមាត់លេបជាថ្មី ព្រោះ ថ្មីៗមាននេះព័ត៌មានថា ថៅកែផលិតកម្មខាងលើ គ្រោងលើកស្ទួយតារាចម្រៀង ដែលធ្លាប់ល្បីឈ្មោះខ្លាំងឡើងវិញ។
ជុំវិញការធីបចោលតារាចម្រៀងលោក មាស សាលី របស់ផលិតកម្ម សាន់ដេ មិនមានមតិណាគិតថា ផលិតកម្មមួយនេះអាចវិលមកលើកស្ទួយតារារូបនេះវិញទេ ខណៈដែលផលិតកម្មមានតារាល្បីៗជាច្រើនរូប ហើយក៏បានផ្ដោតជ្រើសរើសតារាចម្រៀងក្មេងៗស្រករក្រោយមកធ្វើកុងត្រា។ ប៉ុន្តែអ្វីៗគឺមិនអាចសន្និដ្ឋានបានទេ ព្រោះពេលនេះមានប្រភពព័ត៌មានស្និទ្ធ នឹងផលិតកម្ម សាន់ដេ ម្នាក់បានបង្ហើបថា ថៅកែផលិតល្បីមួយនេះគ្រោងងាកមកលើកស្ទួយលោក មាស សាលី ជាថ្មីវិញហើយ។
ប្រភពដដែលនេះមិនបានបញ្ជាក់ពីមូលហេតុ សាន់ដេ លើកលោក មាស សាលី ជាថ្មីទេ ប៉ុន្តែសម្រាប់ការងារនេះគឺជាការពិត ព្រោះសាន់ដេ ក៏បានត្រៀមបទចម្រៀងសម្រាប់លោក មាស សាលី រួចហើយដែរ ហើយបទរបស់លោកក៏មានច្រើនគួរសមថែមទៀតផង។ លោក មាស សាលី បានប្រាប់ Kqube.net ថា រយៈ១០ឆ្នាំមកហើយដែលលោកមានបទចម្រៀងតិចតួចនៅលើទីផ្សារ គឺអាចនិយាយបានថា ស្មើនឹងមិនមានបទដូច្នេះដែរ ព្រោះបទតិចពេក និងមានរយៈពេលយូរ ទើបមានមួយបទកំដរគេឯង។
ដោយឡែកសម្រាប់ព័ត៌មានថា សាន់ដេ មានគម្រោងលោកស្ទួយលោកជាថ្មីនោះលោកមិនទាន់បានដឹងទេ ដូច្នេះហើយលោកមិនទាន់អាចនិយាយអ្វីបានច្រើនជុំវិញរឿងនេះបានដែរ តែប្រសិនបើរឿងនេះជាការពិតគឺលោកគ្មានពាក្យអ្វីនិយាយក្រៅពីសប្បាយចិត្តនោះទេ ព្រោះ១០ឆ្នាំហើយដែលលោកបាត់មុខពីសិល្បៈ៕

