ទីក្រុង ម៉ារ៉ាវី នៃនៃកោះ មីនដាណាវ ប្រទេស ហ្វីលីពីន កំពុងស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហាន រដ្ឋាភិបាល និងក្រុមឧទ្ទាម អាប៊ូសាយ៉ាហ្វ មានសម្ពន្ធភាពជាមួយក្រុម ISIS នៅមជ្ឈិមបូព៌ា សម្លាប់ទាហាន និងប៉ូលិស ១៣ នាក់ បង្ខំឲ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនចាកចោលលំនៅឋាន ។ លោក ឌូតឺតេ ត្រូវជួបលោក ពូទីន នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែជំនួបបន្ថយមកថ្ងៃ អង្គារដោយសារប្រធានាធិបតី ហ្វីលីពីន ប្រញាប់ទៅគ្រប់គ្រងស្ថានការណ៍ ។
លោក រ៉ូទ្រីហ្គោ ឌូតឺតេ និយាយប្រាប់ លោក វ្លាឌីមៀ ពូទីន ក្នុងជំនួបក្នុងទីក្រុង មូស្គូ ថា ហ្វីលីពីន ត្រូវការអាវុធទំនើប ដើម្បីប្រយុទ្ធនឹងក្រុម ISIS ដោយរំពឹងថាប្រទេស រុស្ស៊ី នឹងគាំទ្រ ប៉ុន្តែប្រធានាធិបតី ហ្វីលីពីន ក៏បានប្រាប់ប្រធានាធិបតី រុស្ស៊ី ផងដែរនូវការកាត់បន្ថយទស្សនកិច្ច ដើម្បីត្រឡប់ទៅគ្រប់គ្រងស្ថានភាពក្នុងប្រទេសវិញ ក្រោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាម ។ ចំណែកលោក ពូទីន បង្ហាញសេចក្ដីសង្ឃឹមថា បញ្ហាក្នុងប្រទេស ហ្វីលីពីន នឹងត្រូវបានដោះស្រាយ ហើយប្រទេសទាំងពីររំពឹងនូវសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា ។
លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ បានប្រកាសច្បាប់អាជ្ញាសឹកសម្រាប់កោះ មីនដាណាវ មុនពេលបញ្ជូនទាហាន និងយន្តហោះចម្បាំង ព្រមទាំងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងទៅកាន់កោះ មីនដាណាវ ក្រោយពីក្រុមអាប៊ូសាយ៉ាហ្វ ដណ្ដើមកាន់កាប់ទីតាំងមួយចំនួន និងចាប់អាចារ្យគ្រិស្តសាសនា អ្នកកាន់សាសនាគ្រិស្ដ និងអ្នកយាមវិហារគ្រិស្តជាង ១០ នាក់ ធ្វើជាចំណាប់ខ្មាំង ។
ការវាយប្រហារតាមអាកាស បានបង្ខំឲ្យជីវពលប្រមាណ ៤០ នាក់ រត់គេចចេញពីកន្លែងលាក់ខ្លួន ។ ប្រធានាធិបតី ហ្វីលីពីន បានកាត់បន្ថយរយៈពេលបំពេញទស្សនកិច្ចក្នុងប្រទេស រុស្ស៊ី ដើម្បីត្រឡប់ទៅគ្រប់គ្រងស្ថានភាពក្នុងប្រទេស ព្រមទាំងព្រមានថាអាចប្រកាសច្បាប់អាជ្ញាសឹកទូទាំងប្រទេស ប្រសិនបើស្ថានភាពមិនអាចល្អប្រសើរជាងមុន ។ ច្បាប់អាជ្ញាសឹក អនុញ្ញាតដល់រដ្ឋាភិបាលឲ្យប្រើប្រាស់កងទ័ពដើម្បីគ្រប់គ្រងប្រទេសមួយដែលដឹកនាំដោយរដ្ឋាភិបាលស៊ីវិល ដោយសារប្រទេសជួបនឹង អាសន្នអ្វីមួយ ។
