ប្រធានាធិបតី កូរ៉េខាងត្បូង ព្រមានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថា បើមេដឹកនាំលោក គីម យុងអ៊ុន មិនព្រមងាកមកចរចាគ្នារកដំណោះស្រាយ ឬមិនឈប់បង្កសកម្មភាពផ្គើននោះទេ សង្គ្រាមនឹងកើតឡើងយ៉ាងពេញលេញនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន Sputnik នៅព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
លោកប្រធានាធិបតីជាប់ឆ្នោត Moon Jae-in បានសង្កត់ធ្ងន់ថា "ជាការពិត! ភាពតានតឹងរវាងកូរ៉េទាំងពីរ នឹងនាំឲ្យមានការប្រឈមមុខយោធាដាក់គ្នានៅសមរភូមិដែនទឹកសមុទ្រលឿង (Northern Limit Line) និង Military Demarcation Line ដែលជាទីតាំងយោធាធំៗ នៅជាប់ព្រំដែន"។
ជាចុងក្រោយលោកបានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD ក៏នឹងត្រូវបញ្ចប់ការដាក់ពង្រាយ ការពារទឹកដីកូរ៉េខាងត្បូងផងដែរ ទោះបីជារដ្ឋាភិបាលចិន និងរុស្ស៊ីធ្វើការជំទាស់យ៉ាងណាក៏ដោយ។ ថ្មីៗនេះ អាមេរិកទើបបានបញ្ជូនគ្រឿងបរិក្ខារបន្ថែមរបស់ប្រព័ន្ធខែលនេះមកកាន់ទីក្រុងសេអ៊ូល បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕

