រដ្ឋាភិបាលរុស្ស៊ីបានរិះគន់យ៉ាងខ្លាំងចំពោះអ្នកនយោបាយអាមេរិក ដែលបានបន្តធ្វើការចោទប្រកាន់មកលើទីក្រុង ម៉ស្គូ ជុំវិញការជាប់ឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយលើកឡើងថា ពួកគេកំពុងមានកំហុសយ៉ាងធ្ងន់ធ្ងរ ដោយសារការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយរបស់ Sputnik នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
លោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃនេះថា "អ្នកនយោបាយទាំងឡាយរបស់ សហរដ្ឋអាមេរិក បានធ្វើឲ្យមានកំហុសដ៏ធំមួយ ដែលបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី ថា ចូលជ្រៀតជ្រែក ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក ក្នុងឆ្នាំ២០១៦ នាពេលកន្លងទៅ"។
លោក បន្ថែមទៀតថា " ទីក្រុងម៉ូស្គូ មិនអាចទទួលស្វាគមន៍សេចក្ដីថ្លែងការណ៍ទាំងឡាយ របស់មន្ទីរការពារជាតិ Pentagon ទេ ចំពោះការចោទប្រកាន់គ្មានភស្តុតាង ជាពិសេសគឺការដែលលើកឡើងថា រុស្ស៊ីកំពុងលូកដៃចូលរឿងនយោបាយរបស់សហរដ្ឋអាមេរិក។ ម្យ៉ាងទៀត រុស្ស៊ី មិនដែលបំពាន ឬគំរាមដល់ប្រទេសមហាអំណាចមួយនេះឡើយ”។
ជាចុងក្រោយនៃបទសម្ភាសន៍ជាមួយប្រធានផលិតភាពយន្តរបស់ អាមេរិក លោក Oliver Stone លោកពូទីនថា សហរដ្ឋអាមេរិកបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជា ៦០០ពាន់លានដុល្លារ ទៅលើប្រព័ន្ធការពារជាតិ ដោយមិនមានបំណងចង់បន្តសម្ព័ន្ធភាពនឹងគ្នាទៀតឡើង ហើយមកទល់ពេលនេះ ទំនាក់ទំនងក៏កំពុងរអាក់រអួលផងដែរ៕
