Sponsor
Pisey

​​រាជធានី​ភ្នំពេញ​៖ ​ករណី​បាញ់​បុរស​ម្នាក់​ជា​អ្នក​រត់រ៉ឺម៉ក​កង់បី​ កាល​ពី​យប់​មិញ អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ដាក់​សង្ស័យ​ថា​ ​​ជា​ករណី​ឌឺ​ដង​​ ទំនាស់​ពាក្យ​សម្តី​គ្នា​និង​បណ្តាល​មក​ពី​ស្រវឹង​។ នេះ​យោង​តាម​​ លោក​ឧត្តមសេនីយ៍ សុង លី​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ​​។​

ដោយ​ឡែក​លោក​វរសេនីយ៍​ទោ ​ហ៊ាង​ ថារ៉េត​ អធិការ​រង​នគរបាល​ខណ្ឌ​ចំការមន​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២​៣​និង​៤០​នាទី​មាន​​ករណី​បាញ់​សម្លាប់​បុរស​ម្នាក់​ នៅ​មុខ​ផ្ទះ​លេខ​២​០​៦​A ផ្លូវ​ នរោត្តម ​ក្រុម​៣៩​ ភូមិ​៨ ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​​។​

អធិការ​រូប​នេះ​​បន្ត​ថា​ ​ជនល្មើស​វិញ​​​មិន​បាន​​ស្គាល់​អត្តសញ្ញាណទេ គ្រាន់​តែ​ដឹងថា​​ ​មាន​មាឌ​ធំ ​ខ្ពស់ ​រាង​ស ​ពាក់​មួក​កន្តិប​ កាន់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម​ ពណ៌​ស្រដៀង​ទឹក​មាស ​ជិះ​ម៉ូតូ​ម៉ាក​ អាយ​ខុន​ ពណ៌​ផ្កា​ ស ​លាយ​ខ្មៅ ​មិន​ចាំ​ស្លាក​លេខ​។ ​

ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ឡុច ​រីម​ ភេទ​ ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​របរ​រត់​រ៉ឺម៉ក​កង់​បី ​ស្លាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​បេតុង ​ភូមិ​ឫស្សី ​សង្កាត់​ស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ត្រូវ​ជនល្មើស​​បាញ់​ត្រូវ​ចំ​ខ្នង​ចំហៀង​ខាង​ឆ្វេង ​ធ្លាយ​ទៅ​ចំហៀង​ខ្លួន​ខាង​ស្តាំ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ត្រួត​ពិនិត្យ​កាំ​មេរា ​ដើម្បី​ឈាន​ទៅ​រក​ចាប់​ខ្លួន​ជនល្មើស​ដើម្បី​យក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។​

សូម​រម្លឹក​ផង​ដែរ​ បើ​តាម​​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​​ឲ្យ​ដឹង​កាល​ពី​យប់​ម្សិលមិញ​​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ជិះកង់​បី​ មាន​គ្នា​៣​នាក់ ​ធ្វើ​ដំណើរ​ពី​ចាក់​អង្រែ​ ​ត្រឡប់​ទៅ​ផ្សារ​ទំនើប​សូរិយា​។​​​​ លុះ​មក​ដល់​ក្បែរ​ស្តុប​ចំការមន​​ ​ជន​ដៃ​ដល់​ជិះ​ម៉ូតូ​មក​ស្រែក​ឲ្យ​ជនរងគ្រោះ​ឈប់​ ហើយ​ក៏​ឈ្លោះ​និង​​​​​វ៉ៃ​គ្នា​ទៅ​មក ​រួច​​ក៏​ជនសង្ស័យ​ក៏​ដល់​ដក​កាំភ្លើង​បាញ់​ពី​ក្រោយ​ឲ្យ​ស្លាប់​តែ​ម្តង​។​ ក្រោយ​ពេល​ហេតុ​​​ខ្មាន់​កាំភ្លើង​ដែល​​ជិះ​ម៉ូតូ អាយ​ខុន​ ​តែ​ម្នាក់​ឯង​​​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​ស្រមោល​តែ​ម្តង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor