រឿងរ៉ាវឪពុកម្តាយតវ៉ាចចេសសុំឲ្យមន្ទីរពេទ្យបន្តជំនួយជួយព្យាបាលកូនប្រុសរបស់ខ្លួនដែលមានជំងឺធ្ងន់ធ្ងរ កំពុងតែទទួលការអាណិតអាសូរពីសំណាក់មហាជនជុំវិញពិភពលោក បន្ទាប់ពីឪពុកម្តាយក្មេងខាងលើបង្ហោះរូបថតកូនរបស់ខ្លួនកាន់លិខិតឆ្លងដែនរងចាំការសម្រេចចិត្តពីថ្នាក់លើ ដើម្បីអនុញ្ញាតិបន្តឲ្យកូនរបស់ខ្លួនបានទទួលជំនួយបន្តទៀតក្នុងការព្យាបាលជំងឺ។

ក្មេងប្រុសខាងលើមានឈ្មោះថា Charlie Gard អាយុ២ឆ្នាំ បានទទួលរងការឈឺចាប់ពីបញ្ហាហ្សែនដ៏កម្រ និងបញ្ហាខូចខាតផ្នែកខួរក្បាល រហូតបានក្លាយទៅរឿងមួយប្តឹងដល់តុលាការដើម្បីប្រកួតប្រជែងផ្នែកច្បាប់រវាងឪពុកម្តាយក្មេង និងខាងមន្ទីរពេទ្យក្នុងប្រទេសអង់គ្លេស ដែលបានចេញមកអះអាងថា ក្មេងតូចនេះមិនគួរទទួលបានជំនួញក្នុងការព្យាបាលបន្តទៀតទេ ព្រោះថាគ្មានសង្ឃឹម និងកាន់តែធ្វើឲ្យក្មេងទទួលរងការឈឺចាប់នៅថ្ងៃខាងមុខ ខណៈពេលមានបន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិកចង់ទទួលយកក្មេងរងគ្រោះទៅព្យាបាលក្តី។


ចៅក្រមតុលាការការពារសិទ្ធិមនុស្សប្រចាំទ្វីបអឺរ៉ុប បាននិយាយថាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Great Ormond Street ក្នុងប្រទេសអង់គ្លេសគួរតែបន្តផ្តល់ជំនួយជួយព្យាបាលដល់កុមាររងគ្រោះរហូតដល់ពាក់កណ្តាលយប់នេះ ដើម្បីឱ្យមេធាវីរបស់ឪពុកម្តាយក្មេងបានដាក់ឯកសារតវ៉ាលម្អិតស្របច្បាប់មកតុលាការសិន។
ខណៈដែលពួកគេកំពុងរង់ចាំការសំរេចចិត្តដោយអន្ទះសារ ឪពុកក្មេងរងគ្រោះបានបង្ហោះរូបភាពកូនរបស់គាត់ដែលមានកាន់លិខិតឆ្លងដែនដង្ហើយសុំជំនួយបន្ត និងដើម្បីប្រារព្ធទិវាបុណ្យឪពុកជាលើកដំបូងក្នុងជីវិតរបស់កូនគាត់។ មហាជនជាច្រើនដែលបានឃើញរូបភាព និងសារខ្លោចចិត្តនេះ ពួកគេបានបញ្ចេញកំហឹងដល់ខាងមន្ទីរពេទ្យ និងប្រតិកម្មថាមិនបាច់ប្រើជំនួយមន្ទីរពេទ្យក្នុងប្រទេសអង់គ្លេសទៀតទេ ពួកគេសុខចិត្តចូលជាលុយកាក់បានរហូតដល់ 1.3 លានដុល្លាដើម្បីព្យាបាលបន្ត និងនាំកូនរបស់ពួកគេទៅព្យាបាលនៅមន្ទីរពេទ្យសហរដ្ឋអាមរិកដែលមានបំណងចង់ទទួលក្មេងរងគ្រោះស្រាប់។

គួរបញ្ជាក់ផងដែរថាក្មេងរងគ្រោះខាងលើពេលកើតមកមានសុខភាពល្អធម្មតាទេ ប៉ុន្តែពេលមានអាយុបានតែ២ខែ ក្មេងនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកជំងឺហ្សែនដ៏កម្រមួយ ដែលធ្វើឱ្យបាត់បង់ថាមពលពីសាច់ដុំ និងសរីរាង្គរបស់គាត់។ ក្រោយពីផ្តល់ជំនួយមើលថែអស់ជាច្រើនឆ្នាំ ខាងមន្ទីរពេទ្យអង់គ្លេសមានបំណងចង់បញ្ជប់ការព្យាបាល និងបាននិយាយថាទោះបីយកក្មេងទៅព្យាបាលនៅដ៏ទៃក៏គ្មានប្រយោជន៍ដែរ គួរតែឲ្យគេទៅតាមសំរួលចុះ។

ទោះជាយ៉ាងណាលិទ្ធិផលនៃការឆ្លើយតបពីតុលាការបានសម្រេចចិត្តឲ្យខាងមន្ទីរពេទ្យអង់គ្លេសបន្តព្យាបាល និងពិសោធន៍លើជំងឺដល់កុមាររងគ្រោះក្នុងរយៈពេល ៣ អាទិត្យទៀត។
Source: dailymail