យោងតាមសារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែមិថុនា មុននេះបន្តិចថា ក្រសួងការបរទេសបារ៉ែន បានប្រកាសដេញប្រជាជន កាតា ទាំងអស់ចេញពីប្រទេសក្នុងរយៈពេល ២សប្ដាហ៍ រីឯការធ្វើចរាចរណ៍តាមផ្លូវអាកាស និងដែនទឹករវាងប្រទេសទាំងពីរត្រូវលុបចោល ជាពិសេសការទូតទំាងអស់ ត្រូវដកចេញពីបារ៉ែនភ្លាមៗ ក្នុងរយៈពេលតែត្រឹម ៤៨ម៉ោងប៉ុណ្ណោះ។
ក្រុមមន្ត្រី អារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ផងដែរថា "ទីក្រុងរីយ៉ាតបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងស្ថានកុងស៊ុលជាមួយកាតា ក្រោមហេតុផលនៃការអនុវត្តសិទ្ធិអធិបតេយ្យភាព និងការពារសន្តិសុខជាតិពីគ្រោះថ្នាក់ ដែលបង្កឡើងដោយក្រុមភេរវករ និងសកម្មភាពជ្រុលនិយម ដែលមានសម្ព័ន្ធភាពជាមួយទីក្រុងដូហា ហើយការសម្រេចនេះ គឺទទួលបានការគាំទ្រពីច្បាប់អន្តរជាតិ"។
ទន្ទឹមគ្នានេះដែរ អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែនក៏បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនង ការទូត ជាមួយ កាតា ផងដែរ ដោយចោទថា ប្រទេសកាតាបានបង្កអស្ថិរភាពនៅក្នុងតំបន់ និងជាប្រទេសមួយដែលគាំទ្រក្រុមភេរវករ ប៉ុន្តែការចោទប្រកាន់នេះ រដ្ឋាភិបាលកាតា ពុំទាន់ធ្វើប្រតិកម្មតបនៅឡើយទេ៕


