ម៉ានីល៖ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូដ្រីហ្គូ ដូតធើតេ បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រូបលោកនឹងទិញបរិក្ខារយោធាថ្មី ដើម្បីប្រយុទ្ធប្រហារក្រុមឧទ្ទាម Maoist និងមូស្លីម ដោយឈប់ទទួលយកអាវុធមួយទឹកៗពីសហរដ្ឋអាមេរិកទៀតហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងរយៈពេលពីរសប្ដាហ៍កន្លងទៅ កម្លាំងសន្តិសុខហ្វីលីពីនប្រមាណជា ៣ពាន់នាក់ បានបើកវាយប្រហារទ្រង់ទ្រាយធំមួយទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (ISIS) នៅភាគខាងត្បូង នៃទីក្រុងម៉ារ៉ាវី ខណៈនោះសមាជិក ISIS ៤០០នាក់បានស្លាប់ ដោយទ័ពខាងលើបានប្រើយន្តហោះជួសជុលរបស់អាមេរិក ក្នុងការប្រយុទ្ធប្រហារ។
អាស្រ័យហេតុដូច្នេះហើយទើប លោក ដូតធើតេ ប្រាប់ទៅទាហានរបស់ខ្លួនថា "មិនយូរទេ ខ្ញុំនឹងឈប់ទទួលយកសម្ភារៈយោធាជជុះៗពីសហរដ្ឋអាមេរិក ហើយខ្ញុំប្រើរបស់ប្រែនប្រែនវិញ”។
លោកបានបន្ថែមទៀតថា "រូបលោកនឹងទិញអាវុធថ្មីទំនើបៗ ជាច្រើនគ្រឿងទៀតដូចជា៖ យន្តហោះចម្បាំង យន្តហោះ Drone ទូក និងកាំភ្លើង ពីប្រទេសចិន និងរុស្ស៊ី ទោះបីជាត្រូវចំណាយលុយច្រើនក៏ដោយ"។
គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០០២ ទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយផ្នែកសម្ភារៈយោធាទៅឲ្យទីក្រុងម៉ានីលគិតជាថវិកាសរុបជិត ៨០០លាន់ដុល្លារ ដោយគ្រឿងសព្វាវុធទាំងនោះមាន យន្តហោះដ្រោន ឧទ្ធម្ភាគចក្រ...យ៉ាងណាមិញហ្វីលីពីនក៏ត្រូវចំណាយលុយចំនួន ២ពាន់លានដុល្លារក្រោមកិច្ចសន្យាទិញអាវុធរយៈពេល៥ឆ្នាំ ហើយក្នុងឆ្នាំនេះទីក្រុងម៉ានីលចំណាយលុយ ៥០១លានដុល្លារអាមេរិក លើការទិញបរិក្ខារយោធាទំនើបៗពី កូរ៉េខាងត្បូង និងអុីស្រាអែល៕

