
ក្រុមបះបោរប្រឆាំងរដ្ឋាភិបាល ស៊ីរី នៅរសៀលនេះត្រូវបានទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួរ ចេញផ្សាយឲ្យដឹងថា កាលពីយប់ថ្ងៃសុក្រម្សិលមិញពួកគេបានបើការប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយបាញ់គ្រាប់រ៉ូកែត និងគ្រាប់កាំភ្លើងយ៉ាងកក្រើកនៅតាមបណ្ដោយផ្លូវ ភាគខាងជើងទីក្រុង អាឡេប៉ូ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីបាញ់ប្រហារនេះបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ដែលភាគច្រើនជាស្ត្រី និងក្មេងៗ។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកងប្រដាប់អាវុធទាំងពីរខាងលើ គឺកម្រនឹងកើតឡើងណាស់ បន្ទាប់ពីក្រុមយោធារដ្ឋាភិបាលស៊ីរី បានគ្រប់គ្រងក្នុងតំបន់ភាគខាងជើងទីក្រុង។
គួររម្លឹកថា ក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាលមួយនេះ ត្រូវបានគេស្គាល់ជា ក្រុមប្រដាប់អាវុធខុសច្បាប់ ដែលចូលចិត្តបង្កអសន្តិសុខនៅក្នុងតំបន់កាន់កាប់ខាងលើ និងជាអ្នកគាំទ្រសកម្មភាពភេរវកម្មផងដែរ ជាញឹកញាប់ពួកគេបានបាញ់បំផ្ទុះអាវុធនៅកន្លែងហ្វូងមនុស្ស សម្លាប់ជនស្លូតត្រង់ឥតអំពើ៕