អ្នកគ្រប់គ្រងកម្មវិធី MISTER NATIONAL UNIVERSE ចេញលិខិតសុំទោសមួយជូនពលរដ្ឋកម្ពុជា បន្ទាប់ពីមានការចោទសួរពីសំណាក់យុវជនកម្ពុជាទៅកាន់អ្នករៀបចំកម្មវិធីនេះ ក្រោយពីកម្មវិធីបានឲ្យបេក្ខជនម្នាក់មកពីកម្ពុជាស្លៀកពាក់ប្រពៃណីជាតិខ្មែរ តែជាសំលៀកបំពាក់និងគ្រឿងអលង្ការអប្សរាទៅវិញ ដែលកត្តានេះធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកនៅកម្ពុជា។
ការចេញលិខិតសុំទោសរបស់អ្នករៀបចំកម្មវិធីខាងលើនៅប្រទេសថៃ ថ្ងៃទី១២ មិថុនានេះ ដោយឆ្លើយតបតាមសំនួររបស់ម្ចាស់ហ្វេសប៊ុក Stepen Row ដែលបានផ្ញើទៅសារទៅសួរជុំវិញ ស្លៀកពាក់សំលៀកបំពាក់ឈុតអប្សរា(ដូចក្នុងរូបថត)។
លោក Russ Downing អ្នករៀបចំកម្មវិធីខាងលើឆ្លើយតបតាមលិខិតដដែលថា ខ្លួនស្គាល់ពីកំហុសឆ្គងមួយនេះ ហើយក៏សូមអភ័យទោសយ៉ាងក្រៃលែងដល់ប្រជាជនកម្ពុជាទាំងអស់សម្រាប់កំហុសឆ្គងនេះ។
យ៉ាងណាមិញអ្នករៀបចំកម្មវិធីរូបនេះបញ្ជាក់ហេតុផលថា ខ្លួនមិនមានទិន្នន័យពិស្ដារទាក់ទិននឹងឈុតប្រពៃណីរបស់ជាតិកម្ពុជាច្រើនទេពីមុនមក ហើយខ្លួនទទួលស្គាល់នូវរាល់អ្វីដែលលោក (Stepen Row)បានចង្អុលបង្ហាញពីកំហុសរបស់ខ្លួន ហើយនឹងផ្លាស់ប្ដូរមកុដអប្សរាចេញនៅរាត្រីបង្ហាញម៉ូត យប់ស្អែកនេះ។

