Sponsor
Pisey

ការ​ប្រលង​ចម្រៀង The Voice Kids Cambodia នៅ​សប្ដាហ៍​ទី​ពីរ​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​បាន​ឃើញ​នូវ​សមត្ថភាព​ និង​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​កុមារ​កម្ពុជា​បន្ត​ទៀត​ នៅ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ដែល​កុមារ​ទាំង​អស់​នោះ នឹង​ក្លាយ​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ​ថែម​ទៀត​ សម្រាប់​សិល្ប​ចម្រៀង​ ដើម្បី​ជំរុញ​​បន្ថែម​ទៅ​កាន់​ពិភពលោក​ថា កម្ពុជា​​ពិត​ជា​មិន​ខ្សត់​ធនធាន​មនុស្ស​ដែល​ពូកែ​ៗ​នោះ​ឡើយ។

​​ជាក់ស្ដែង​នៅ​ក្នុង​សប្ដាហ៍​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្សមាស កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១ ​និង​មាន​ចាក់​ផ្សាយ​ឡើង​វិញ​នៅ​យប់​ថ្ងៃ​អាទិត្យ​ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​នូវ​តែ​បន្ត​ទស្សនា​មិន​ជិន​ណាយ​នូវ​សមត្ថភាព​កុមារ​តូច​ម្នាក់​មក​ពី​ខេត្ត​បាត់​ដំបង​ ឈ្មោះ ពេជ្រ ថៃ រូប​គេ​ពិត​ជា​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​បី​រូប​​ដណ្ដើម​គ្នា​ចង់​បាន​ជា​កូន​ក្រុម​ ក៏​ព្រោះ​តែ​ជា​ក្មេង​គួរ​ឲ្យ​ស្រឡាញ់ ​ទាំង​សមត្ថភាព​ច្រៀង​ និង​ទេពកោសល្យ​​និយាយ​ស្ដី។

​កុមារ​តូច​អាយុ​១២​ឆ្នាំ​ម្នាក់​​នេះ​ មិន​ត្រឹម​តែ​អាច​ឆក់​យក​បេះដូង​អ្នក​ទស្សនា​នៅ​លើ​កញ្ចក​ទូរទស្សន៍​​​តែ​ប៉ុណ្ណោះ​នោះ​ទេ សូម្បី​តែ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook, Youtube ក៏​មាន​អ្នក​ចូល​ទស្សនា​រៀប​លាន​នាក់ ​និង​មានការ​កោតសរសើរ​នូវ​ភាព​ទាក់​ទាញ​របស់​គេ​ មិន​ដាច់​ពី​មាត់​គ្រប់​ៗ​គ្នា​ អាច​និយាយ​ថា នៅ​សប្ដាហ៍ទី២​នេះ ពេជ្រ ថៃ​ គឺ​ជា​ Super Star ផងដែរ។

ចំណុច​មួយ​ទៀត​ដែល​កាន់​តែ​ផ្ទុះ​ខ្លាំង​នោះ ​គឺ​មាន​ព្រះ​តេជគុណ​មួយ​ព្រះ​អង្គ​ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះថា Chhouk បាន​សរសេរ​សារ​បង្ហោះ​ថា ខ្សែជីវិត​លោក​ម្ចាស់​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​ ទៅ​នឹង​ ពេជ្រ ថៃ ហើយ​លោក​ក៏​បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​រាល់​ការ​ចំណាយ​លើ​សំលៀក​បំពាក់​​សម្រាប់​កុមារ​ម្នាក់​នេះ ឡើង​ច្រៀង​នៅ​សប្ដាហ៍​បន្ត​ទៀត ទោះ​ចំណាយ​អស់​ប៉ុន្មាន​ក៏​ព្រះអង្គ​ជួយ​ដែរ ​សំខាន់​បាន​ឃើញ​ការ​ស្លៀកពាក់​របស់​គេ​នៅ​លើ​ឆាក​​កម្មវិធី​នោះឲ្យ​មានភាពលេចធ្លោរ​។

គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​សរសេរ​ដូច្នេះ​ថា "ស្មេរ​នេះ​គ្រាន់​តែ​ខ្ញុំ​គិត​ថា​ជីវិត​ខ្ញុំ និង​ប្អូន​ប្រុស​ស្រដៀង​គ្នា ​ម្ដាយ​ឪពុក​ចេញ​ទៅ​ធ្វើ​ការ​អស់​រយៈ​ពេល​២៥​ឆ្នាំ ​គឺ​គាត់​ដាច់​ទឹក​ដោះ​ភ្លាម ម្ដាយ​ឪពុក​ទៅ​ចោល​ភ្លែត​។ ​ដឹង​ក្ដី​ឡើង ​ឃើញ​តែ​យាយ ​ក៏​យក​យាយ​ធ្វើ​ម៉ែ​។ ​សូម​អ្នក​ដែល​បាន​ទាក់ទង​ជា​មួយ​ប្អូន​ប្រុស​ជួយ​ប្រាប់​គាត់​ផង ​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សំលៀក​បំពាក់​គាត់​ក្នុង​វគ្គ​ក្រោយ​មួយ​កំប្លេ ទោះ​អស់​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ ​ឲ្យ​តែ​គាត់​ស្លៀកពាក់​មើល​ទៅ​លេច​ធ្លោ​នៅ​លើ​ឆាក​ប្រឡង​"។

គួរ​រម្លឹក​ថា ​ព្រះ​តេជគុណ​មួយ​អង្គ​ព្រះ​នាម​ក្នុង​បណ្ដាញ​សង្គម​ខាង​លើ​នេះ​បាន​សរសេរ​រៀបរាប់​ច្រើន​ជាង​នេះ ដែល​ជា​ប្រវត្តិ​ខ្សែ​ជីវិត​របស់​លោក​ផ្ទាល់​ ហើយ​វា​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​ប្អូន​ប្រុស​ ពេជ្រ ថៃ។ ចំណុច​ចាក់​ចំ​បេះដូង​នេះ​ហើយ​ ដែល​ជំរុញ​ទឹក​ព្រះ​ទ័យ​គុណ​ម្ចាស់​ ប្រកាស​រក​អ្នក​ស្និត​​​នឹង​កុមារ​នោះ​ ដើម្បី​បាន​ឧបត្ថម្ភ​​នូវ​សំលៀក​បំពាក់​មួយ​កំប្លេ​ដល់​រូប​​គេ ទោះ​ត្រូវ​ចំណាយ​ប៉ុន្មាន​ ក៏​សុខ​ចិត្ត​ចំណាយ​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor