
ខេត្តសៀមរាប៖ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញ បានប្រទះឃើញបដិមាដ៏ធំមួយ ស្ថិតនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំប្រហែល ១គីឡូម៉ែត្រ ដែលសន្និដ្ឋានជាបឋមថាជាទ្វារបាល។
បើតាមអាជ្ញាធរជាតិអប្សរាការឲ្យដឹងថា ការប្រទះឃើញបដិមាដ៏ធំមួយរបស់អ្នកបុរាណវិទ្យានេះ គឺជាការស្រាវជ្រាវមួយ នៃគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយបដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង ០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះកំបុតដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។
ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់នៅស្អាតទាំងអស់។បដិមានេះកប់ក្នុងដីជម្រៅប្រមាណត្រឹម៤តឹកប៉ុណ្ណោះ ក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។
លោក ខៀន ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះបានបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។
ការប្រទះឃើញចម្លាក់ដ៏ធំនេះក៏ចាត់ថាជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែមទៀត។ បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញ ដើម្បីកុំឲ្យមានការខូចគុណភាពថ្ម ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាកាសថ្មី ដែលនឹងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា។
លោក ខៀវ ច័ន្ទ បានសន្និដ្ឋានថា បដិមានេះស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាលនៃមន្ទីរពេទ្យនេះផ្ទាល់តែម្តង មិនមែនមកពីកន្លែងផ្សេងនោះទេ។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះមាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ តែចំពោះការរៀបចំរដ្ឋបាលនៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។
សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧៕
