
BBC៖ ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ស្រាវជ្រាវរកឃើញឧបករណ៍ការពារជំងឺអេដស៍របស់ស្រី្ត ឈ្មោះថា(vaginal ring) ដើម្បីការពារការឆ្លងមេរោគអេដស៍ គឺមានប្រជាប្រិយភាពចំពោះក្មេងស្រីជំទង់ ចាប់ពីអាយុ ១៥ ដល់២៤ឆ្នាំ ដែលមានចំនួន ៥ភាគរយនៃអ្នកឆ្លងមេរោគអេដស៍ទូទាំងពិភពលោក។ មនុស្សជិត ១ពាន់នាក់ ត្រូវបានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃនៅទ្វីបអាហ្វ្រិក។
ក្រុមអ្នកជំនាញការ បាននិយាយប្រាប់ឲ្យដឹងថា ឧបករណ៍ការពារខាងលើនេះ ស្ថិតនៅលើមាត់ស្បូនរបស់ស្ត្រីដែលជួយកាត់បន្ថយការឆ្លងមេរោគអេដស៍ពីបុរសបាន ៥៦ភាគរយ នៅពេលរួមភេទ និងជួយដល់ស្ត្រីនៅពេលបុរសមិនពាក់ស្រោមអនាម័យ ហើយជាការពារខ្លួនឯងដោយសម្ងាត់ផងដែរ។

នាយកវិទ្យាស្ថានជាតិសើស្បែក និងជំងឺឆ្លងអាមេរិក លោក Anthony Fauci បានផ្ដល់ជាទិន្នន័យនៃការធ្វើតេស្តរយៈពេល ៦ខែ ផ្ដល់ឧបករណ៍នេះដល់ក្មេងស្រីចំនួន ៩៦នាក់ ដែលមានអាយុចាប់ពី ១៥ ទៅ១៧ឆ្នាំ មិនដែលប្រើប្រាស់៖
១. ៨៧ភាគរយ នៃក្មេងស្រីដែលមានកម្រិតនៃថ្នាំនៅក្នុងទ្វារមាសរបស់ពួកគេ
២. ៩៥ភាគរយ បាននិយាយថាចិញ្ចៀននេះងាយស្រួលប្រើ
៣. ៧៤ភាគរយ បាននិយាយថាពួកគេមិនបានកត់សម្គាល់ពីចិញ្ចៀននៅក្នុងជីវិតប្រចាំថ្ងៃទេ
សាស្ត្រាចារ្យលោក Sharon Hillier អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pittsburgh បាននិយាយថា "ការទទួលបានការការពារមេរោគអេដស៍ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពនេះ គួរតែផ្ដល់ដល់មនុស្សស្ត្រីគ្រប់វ័យ ដែលសមនឹងទទួលបានការការពារផងដែរ"។ ឥឡូវនេះមានគម្រោង ដើម្បីធ្វើតេស្តឧបករណ៍ខាងលើជាមួយក្មេងជំទង់នៅទ្វីបអាហ្រ្វិក ប្រសិនបើទទួលបានការអនុម័តបទប្បញ្ញត្តិ វានឹងក្លាយជាវិធីសាស្ត្រដំបូងនៃការការពារទាំងស្រុងសម្រាប់ស្ត្រីទូទាំងពិភពលោក៕
