ខេត្តសៀមរាប៖ ជនសង្ស័យចាក់សម្លាប់បុគ្គលិក Internet ម្នាក់ក្នុងបន្ទប់ទឹក ដែលមានទីតាំងក្នុងសង្កាត់ តាខ្មៅ ក្រុង តាខ្មៅខេត្ត កណ្តាលនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលម្សិលមិញ នៅលើទឹកដីខេត្តសៀមរាប នាផ្ទះឪពុកម្ដាយជនសង្ស័យ បន្ទាប់ពីកម្លាំងសមត្ថកិច្ចខេត្តកណ្ដាល បានសហការជាមួយកងកម្លាំងខេត្តសៀមរាប បានស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ។
ជនរងគ្រោះដែលត្រូវបានជនសង្ស័យចាក់សម្លាប់ មានឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះបើកអ៊ិនធើណេត យីហោក្រុងណេត ភូមិ តាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរបុគ្គលិកក្រុងណេត។
តាមចម្លើយសារភាពប្រាប់សមត្ថកិច្ច ជនសង្ស័យបានឲ្យដឹងថា ការចាក់ជនរងគ្រោះកាលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៧ វេលាម៉ោង១៦:៥១នាទី នៅចំណុចផ្ទះលេខ ២៥១ បើកអ៊ិនធឺណេត យីហោក្រុងណេត ផ្លូវ២០៥ ភូមិតាខ្មៅនោះ ក្នុងបំណងប្លន់យកប្រាក់ជាង ១ ពាន់ដុល្លារ ដើម្បីទៅរំលួសម៉ូតូខ្លួនដែលបានដាក់បញ្ចាំ។
តាមរយៈកាម៉េរ៉ាសុវត្ថិភាព និងការបំភ្លឺរបស់សាក្សី ឈ្មោះ ឃ.ស.ធ ភេទ ប្រុស អាយុ១៨ឆ្នាំបានចូលលេងហ្គែមនៅកន្លែងផ្ទះបើកអ៊ិនធើណេត យីហោក្រុងណេត ពេលនោះ បានឃើញជនល្មើសខាងលើ ចូលលេងហ្គែមនៅទូកុំព្យូទ័រលេខ៧។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ឃើញជនល្មើសដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកជនល្មើស ក៏បានស្រែកហៅ ជនរងគ្រោះ២ដង ដោយប្រាប់ថា បន្ទប់ទឹកស្ទះ រួចក៏ចាប់ផ្តើមធ្វើសកម្មភាពចាក់សម្លាប់តែម្តង។
ក្រោយពេលចាក់សម្លាប់ជនរងគ្រោះរួច ជនល្មើសក៏បានស្រែកហៅសាក្សី ឈ្មោះ ឃ.ស.ធ ឲ្យចូលក្នុងបន្ទប់ទឹក ដោយប្រាប់ថាមេការបានដួលបោកក្បាលក្នុងបន្ទប់ទឹក តែសាក្សីមិនចូលទេ ហើយរត់ចេញមកក្រៅស្រែកហៅ សន្តិសុខនិងអ្នកជិតខាងឲ្យមកជួយ ពេលនោះក៏ឃើញជនល្មើសដើរចេញពីក្នុងផ្ទះ ហើយគេចខ្លួនបាត់តែម្តង៕



