ក្រុមកាំភ្លើងធំ Arsenal បាននឹងកំពុងឈានទៅរកផ្លូវមួយក្នុងការចុះកុងត្រាជោគជ័យ កុងត្រាយកខ្សែបម្រើប្រយុទ្ធស្លាប និងជាកីឡាករនាំលេងរបស់ Leicester City កីឡាករ Riyad Mahrez នេះបើតាមប្រភពវេបសាយអ៊ីតាលី Calcio Mercato ។
ក្រុមកាំភ្លើងធំ បានចាប់អារម្មណ៍កីឡាករជម្រើសជាតិអាល់ហ្សេរីឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពេលមានព័ត៌មានចង់បានខ្លាំងកាលពីរដូវកាលមុន បន្ទាប់ពីជួយក្លឹបចចកព្រៃឈ្នះពាន Premier League លើកដំបូង។ របាយការណ៍ចុងក្រោយបំផុតមួយ បានបង្ហាញថា ការខិតខំប្រឹងប្រែងរបស់កាំភ្លើងធំក្នុងការស៊ីញេកុងត្រាយក Mahrez ម្ដងទៀត ឈានដល់ដំណាក់កាលជិតជោគជ័យហើយក្លឹបទាំងពីរបានយល់ព្រមលក្ខខណ្ឌមួយចំនួនហើយ។
លោក Arsene Wenger ត្រូវបានគេរាយការណ៍ថាបានឈានជំហានជិតជោគជ័យក្នុងពិភាក្សាជាមួយMahrez ដោយបានទៅជួបថ្នាក់ដឹកនាំកីឡដ្ឋាន King Power Stadium ។ Riyad Mahrez មានវ័យ២៦ឆ្នាំបានមកចូលរួមជាមួយ Leicester City ដោយចាកចេញពីក្លឹបបារាំង Le Havre ក្នុងតម្លៃ៣៥ម៉ឺនផោនក្នុងខែមករាឆ្នាំ២០១៣។
ចាប់តាំងពីពេលនោះមក រូបគេបង្ហាញខ្លួន១៤៨ប្រកួតឲ្យក្រុមចចកនិងរកគ្រាប់បាល់បាន៣៥ប្រកួត ហើយចំនួនប្រកួតនឹងស្ថិតិគ្រាប់របស់កីឡាកររូបនេះជាងពាក់កណ្ដាលលេងក្នុងរដូវកាល២០១៥/២០១៦ដែលជាឆ្នាំជួយក្លឹបឈ្នះពាន។
កាលពីរដូវកាលមុន រូបគេមានព័ត៌មានជាប់ទាក់ទងជាមួយកាំភ្លើងធំនិងក្លឹបមួយចំនួនទៀត ប៉ុន្តែរូបគេបន្តនៅជាមួយក្រុមចចកដើម្បីការពារដំណែងជើងឯក និងលេងក្នុង Champions League៕
ប្រភព៖ offthepost

