
ខេត្តកំពត៖ មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ កម្ពស់ទឹកនៅដងព្រែកកំពត ស្រុកទឹកឈូ បានស្រកចុះវិញហើយ ខណៈនៅថ្ងៃដដែលនេះ ធាតុអាកាសមានសភាពល្អប្រសើរ ដោយមិនមានទឹកភ្លៀងធ្លាក់បន្ត ហើយទំនប់វារីអគ្គិសនីកំចាយត្រូវបានបិទ។
លោក លី រតនា ម្ចាស់អាជីវកម្មសំបូរព្រែកចាកខេត្តកំពត ស្ថិតនៅភូមិម៉ាកប្រាង្គ ឃុំស្នំប្រាំពីរ ស្រុកទឹកឈួ បានប្រាប់ខេឃ្យូបមុននេះបន្តិចថា មកដល់រសៀលនេះ កម្ពស់ទឹកបានថយចុះប្រមាណកន្លះម៉ែត្រ ខណៈដែលថ្ងៃនេះពុំមានទឹកភ្លៀងបន្តធ្លាក់ ហើយទំនប់វារីអគ្គិសនីកំចាយត្រូវបានបិទផងដែរ។
លោកបន្តថា បើទោះជាពុំមានភ្លៀងធ្លាក់ ហើយអាកាសធាតុមានលក្ខណៈល្អប្រសើរ ដោយមានពន្លឺថ្ងៃបើកក្តី ប៉ុន្តែក្រឡេកមើលទៅលើកំពូលភ្នំកំចាយ គឺនៅមានដុំពពកងងឹតនៅឡើយទេ។ ចំពោះផលប៉ះពាល់នៅជុំវិញមូលដ្ឋានលោករស់នៅនោះ បណ្ដាលឲ្យលិចចំការធូរេនមួយចំនួន ដែលអាចនឹងធ្វើឲ្យដើមធូរេនងាប់នៅពេលក្រោយ រីឯការប៉ះពាល់ផ្សេងទៀត គឺមានលក្ខណៈបន្តិចបន្តួចប៉ុណ្ណោះ។
យ៉ាងណាមិញនៅរសៀលថ្ងៃនេះដដែលខេឃ្យូបទទួលបានព័ត៌មានតាមរយៈហ្វេសប៊ុកផ្លូវការពីរដ្ឋបាលខេត្តកំពតឲ្យដឹងដែរថា សម្រាប់ព្រឹកថ្ងៃទី២៧ នេះ កម្ពស់ទឹកក្នុងអាងនៃទំនប់វារីអគ្គិសនីកំចាយបានថយចុះមកនៅត្រឹម ១៤៨,៣០ម៉ែត្រ ដែលជាកម្ពស់ទឹកធម្មតា ហើយខាងវារីអគ្គិសនីបានបិទទ្វារទឹកវិញជាបណ្ដើរៗស្របពេលទឹកនាច ដូចនេះទឹកនឹងអាចស្រកទៅវិញ ប្រសិនបើពុំមានភ្លៀងបន្តនៅផ្នែកខាងលើភ្នំកំចាយ ហើយស្ថានភាពភូមិដែលកំពុងលិចនិងមានភាពល្អប្រសើរដូចដើមជាមិនខាន។
គួរបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅស្រុកទឹកឈូ ខេត្តកំពត ទឹកបានលិចចូលភូមិឋានប្រជាពលរដ្ឋចំនួន៤ ឃុំ គឺឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ។ ប៉ុន្តែគិតចាប់ពីយប់ថ្ងៃទី ២៦ ដល់រសៀលថ្ងៃទី២៧ ខែកក្កដា នេះ កម្ពស់ទឹកជំនន់គឺពុំមានការកើនឡើងបន្ថែមទៀតទេ ផ្ទុយទៅកំពុងស្រកចុះជាបន្តបន្ទាប់ហើយ ប៉ុន្តែទោះជាមានការថយចុះក្តី ថ្នាក់ដឹកនាំខេត្តកំពតបានស្នើដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ៕

