មន្ទីរការពារជាតិអាមេរិក (Pentagon) បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងប្ដេជ្ញាការពារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពីការគំរាមកំហែងរបស់រដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈមីស៊ីលអន្តរទ្វីប(ICBM) ដែលទីក្រុងព្យុងយ៉ាងអះអាងថា ប្រុងនឹងសាកល្បងនៅពេលខាងមុខនេះ។
អ្នកនាំពាក្យរបស់មន្ទីរការពារជាតិលោក Dana White បានឲ្យដឹងថា "យោងតាមសេចក្ដីសន្និដ្ឋានថា មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង អាចនឹងជះឥទ្ធិពលមកដល់ទឹកដីសហរដ្ឋអាមេរិក ដូច្នេះយើងបានរៀបចំរួចជាស្រេចហើយនូវ ប្រព័ន្ធការពារខ្លួន និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងទង្វើដល់ផ្គើនរបស់កូរ៉េខាងជើង"។
ជុំវិញបញ្ហានេះ មន្ទីរការពារជាតិខាងលើ ក៏បានថ្កោលទោសយ៉ាងពេញទំហឹងផងដែរ ចំពោះការដំឡើងមីស៊ីលអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាង នៅកន្លែងធ្វើតេស្តអាវុធ ដែលជាសញ្ញាបង្កហេតុដ៏គ្រោះថ្នាក់នៅពេលខាងមុខ៕
