Sponsor
Pisey

រាជធានី​ភ្នំពេញ៖ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក កោ វណ្ឌី នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្តដា ឆ្នាំ​២០១៧ នេះ បាន​បើក​សវនាការ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូប​អាសអាភាស ដែល​មាន​ជន​ជាប់​ចោទ​ឈ្មោះ គុយ សិទ្ធិសក្កិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មន្ត្រី​ពន្ធនាគារ ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦។

ជន​ជាប់​ចោទ​ឈ្មោះ គុយ សិទ្ធិសក្កិ មិន​មាន​វត្តមាន​ក្នុង​សវនាការ​នេះ​ទេ ដោយ​មាន​មេធាវី​ការពារ​សិទ្ធិ បាន​អាន​ចម្លើយ​របស់​ជន​ជាប់​ចោទ​នៅ​ដំណាក់​ការ​ចៅក្រម​ស៊ើប​សួរ។ ជន​ជាប់ចោទ​ឆ្លើយ​ថា ខ្លួន​បាន​ស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ លីឡា តាម​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​២០១៤ ហើយ​ដល់​ឆ្នាំ​២០១៥ ក៏​បាន​ស្រលាញ់​គ្នា ហើយ​ក៏​បាន​នាំ​ទៅ​លេង​ផ្ទះ​និង​ជួប​ប៉ាម៉ាក់។ចំណែក​រឿង​ដែល​ចោទ​ថា ខ្ញុំ​បង្ហោះ​រូប​អាសអាភាស ខ្លួន​មិន​បាន​ដឹង​ទេ និង​សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង។

ចំណែក​ចម្លើយ​ដើម​បណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា ជាតារាចម្រៀងដ៏ល្បី នៅផលិតកម្ម Pleng Record បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ជន​ជាប់ចោទ​ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​ដើម​បណ្តឹង ក៏​អវត្តមាន​ក្នុង​ពេល​សវនាការ​ដែរ។

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើម​បណ្តឹង​លោក នួន បូរ៉ា បាន​និយាយ​នៅ​ពេល​សវនាការ​ថា កាល​ពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក គុយ សិទ្ធិសក្កិ និង ដើម​បណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បាន​ឈ្លោះ​គ្នា​ហើយ គុយ សិទ្ធិសក្កិ ក៏​វាយ​ដើម​បណ្តឹង សុខ ចិន្តា ពេល​នោះ​ជន​រងគ្រោះ ក៏​បាន​បើក​ទ្វារ​ឡាន​ចេញ​រត់​ឲ្យ​គេ​ជួយ ហើយ​ពេល​នោះ គុយ សិទ្ធិសក្កិ ក៏​បាន​បើក​ឡាន​របស់​ជន​រងគ្រោះ​ចេញ​ទៅ ហើយ​នៅ​ក្នុង​ឡាន​នោះ ក៏​មាន​កាបូប ទូរស័ព្ទ​របស់​ជន​រងគ្រោះ​ផងដែរ ដោយ​រយ:​ពេល​ជិត​១០​ថ្ងៃ បាន​យក​មក​ប្រគល់​ឲ្យ​វិញ។ហើយ​ចំណែក​រូប​ដែល​បាន​បង្ហោះ​នោះ​គឺ​ដោយសារ​តែ​ការ​ស្រលាញ់​គ្នា និង គិត​ថា​នឹង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ទើប​មាន​ការ​ថត​ផ្ញើ​ឲ្យ​គ្នា​មើល​ដោយ​សារ​តែ គុយ សិទ្ធិសក្កិ នៅ​រៀន​ឯ​បរទេស។ លោក​មេធាវី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម​បណ្តឹង សុខ ចិន្តា បាន​ទាមទារ​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ។

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​លោក សេង ហៀង ធ្វើ​សេចក្តី​សន្និដ្ឋាន​តាម​ការ​អាន​ចម្លើយ​របស់​ជន​ជាប់​ចោទ​និង​ជន​រងគ្រោះ​ពិត​ជា​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូប​អាសអាភាស​ពិត​មែន តំណាង​អយ្យការ​នៅ​តែ​តម្កល់​បទ​ចោទ​នៅ​ដដែល។

សូម​ជម្រាប​ថា ទោះ​ជា​យ៉ាង​ណា​សំណុំ​រឿង​ក្តី​ខាង​លើ​នេះ​ត្រូវ​បាន​លោក​ចៅក្រម កោ វណ្ឌី អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កំណត់​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor