Sponsor
Pisey

យោង​តាម​ស្ថានភាព​ការ​ស្ថាបនា​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ដែល​ត្រូវ​ឈាន​ដល់​ការ​បញ្ចប់​គម្រោង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ និង​ដោយ​មាន​ការ​ដាក់​ចេញ​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​ដើម្បី​ឆ្លើយ​តប​នូវ​រាល់​មតិ​យោបល់​ និង​សំណូមពរ​ដ៏​ច្រើន​លើសលប់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook​ ពាក់ព័ន្ធ​កិច្ច​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ​សំខាន់​ៗ។

រដ្ឋបាល​ខណ្ឌ​សូម​ប្រកាស​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ​ដើម្បី​ចុះ​រៀប​ចំ​សណ្ដាប់ធ្នាប់​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ​និង​សោភ័ណភាព​ឡើង​វិញ​ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល " ទីក្រុង​ស្អាត​ បរិស្ថាន​ល្អ" ។ ដូច្នេះ​រដ្ឋបាល​ខណ្ឌ​សូម​ដាក់​ចេញ​នូវ​ទិសដៅ​ និង​​គោល​បំណង​ដូចខាងក្រោម :

1- លុប បំបាត់ ឲ្យ​ខាន​តែ​បាន​នូវ​រូប​ភាព​រត់​ចាប់​ម៉ូយ និង​លុប​បំបាត់​ចំណត​រថយន្ត​ឈ្នួល​អានាធិបតេយ្យ​លើ​ផ្លូវ​ជាតិ​លេខ​១ ។

2- រៀបចំ​ចំណត​បេន​ឡាន​ និង​សម្របសម្រួល​ម្ចាស់​រថយន្ត​ឈ្នួល​ឲ្យ​ចូល​ចំណត​បេន​បាន​ត្រឹម​ត្រូវ។

3- ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​១​ ត្រូវ​មក​រក​ចំណត​បេនឡាន​ដែល​អាជ្ញាធរ​នឹង​ខិតខំ​រៀបចំ​ទីតាំង​ច្បាស់លាស់​មួយ​នៅ​ពេល​ខាង​មុខ។​

4- ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ទូទៅ ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ជាតិ​លេខ​១​ ចូលរួម​ថែរក្សា​ការពារ​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ដី​ចំណី​ផ្លូវ​សាធារណៈ​ដែល​រដ្ឋ​បាន​ទូទាត់​សំណង​ផល​ប៉ះពាល់​រួចរាល់។

5- មាន​វិធានការ​ចំពោះ​ម្ចាស់​ផ្ទះ​រូប​ណា​ ដែល​បាន​សាងសង់​រំលោភ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ និង​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។​

6- ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ឡាន​ប្រភេទ​ធំ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​ចេញ​ចូល​ខុស​ម៉ោង​ពេល​ និង​ចាប់​ផាក​ពិន័យ​រថយន្ត​ដឹក​ដី​ គ្រួស​ ថ្ម​ និង​ខ្សាច់​ ដែល​ធ្វើ​ឲ្យ​ប្រឡាក់​ផ្លូវ​ជាតិ​លេខ​១​។

7-បំផុស​ចលនា​ប្រជាជន​តាម​ផ្លូវជាតិ​ ដើម្បី​ម្ចាស់ការ​ចូលរួម​បោស​សំអាត​អនាម័យ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ខាង​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន​ និង​គ្រប់គ្រង​វេច​ខ្ចប់​ទុក​សំរាម​អោយ​បាន​ត្រឹមត្រូវ។​

8- សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីនទ្រី​ ដើម្បី​ចុះ​សម្អាត និង​លាង​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ឲ្យ​បាន​ស្អាត​ជាប់​ជា​ប្រចាំ។​

*** គោលបំណង​ទាំង​ 08​ ចំណុច​ខាង​លើ​នេះ​ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ដាក់​ចេញ​ក្រោយ​ពេល​ដែល​រដ្ឋបាល​ខណ្ឌ បាន​ប្រកាស​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​អស់​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​ចូលរួម​ផ្ដល់​មតិ​យោបល់​តាំង​ពី​ថ្ងៃ​ទី​ ០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧ មក។

បន្ទាប់​ពី​ការ​ប្រកាស​ជូនដំណឹង​ផ្សព្វផ្សាយ​ និង​ទទួល​មតិយោបល់​របស់​ប្រជាពលរដ្ឋ​រួច​មក​ រដ្ឋបាល​ខណ្ឌ​បាន​ចាប់​ធ្វើ​កិច្ចការ​ជំហាន​ដំបូង​ជាមួយ​ម្ចាស់​រថយន្ត​ឈ្នួល​ និង​អ្នក​រត់​ចាប់​ម៉ូយ​ ដោយ​បាន​កោះ​អញ្ជើញ​បងប្អូន​ ចំនួន​ 02 ​លើក​ មក​ប្រជុំ​ជជែក​ពិភាក្សា​ដោះស្រាយ​សម្របសម្រួល​រៀបចំ​ឲ្យ​ចូល​ចំណត​បេន​ឡាន​ឲ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​តាម​រយៈ​ការ​កោះ​អញ្ជើញ​ទាំង​ពីរ​លើក​នេះ​ ម្ចាស់​រថយន្ត​ឈ្នួល​ទាំង​អស់​មិន​បាន​ខ្វាយខ្វល់​ពី​លិខិត​អញ្ជើញ​របស់​អាជ្ញាធរ​ខណ្ឌ​ឡើយ។

ដូច្នេះ​ចាប់​ពី​ថ្ងៃ​បើក​យុទ្ធនាការ​នេះ​តទៅ ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ សូម​ប្រកាស​ជា​ជំហាន​ដំបូង​នេះ​ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ម្ចាស់​រថយន្ត​ឈ្នួល និង​អ្នក​រត់​ចាប់​ម៉ូយ​លើ​ផ្លូវ​ជាតិ​ មុនគេ ​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់​ផល​ប្រយោជន៍​របស់​បងប្អូន​ឡើយ។ ដោយ​ឡែក​ផែនការ​ផ្សេងៗ​ទៀត​ រដ្ឋបាល​ខណ្ឌ​នឹង​អនុវត្ត​តាម​ជំហាន​ជា​បន្តបន្ទាប់។

ប្រភព៖ ​ សាលា​ខណ្ឌ​ច្បាអំពៅ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor