សិល្បៈ ៖ ក្រោយពីល្បីឈ្មោះក្នុងទីផ្សារសិល្បៈជាអ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងបែបកំប្លែងនៅតាមខ្សែភាពយន្តជាច្រើនមកថ្មីៗនេះលោក ងួន សុបិន បានបង្កើតក្រុមកំប្លែងថ្មីមួយបានរយៈពេលប្រមាណជា២ខែមកហើយ ដោយមានការផ្ដើមគំនិតពីលោក គង់ វិសាល។ រយៈពេលដ៏ខ្លីនេះក្រុមថ្មីលោក ងួន សុបិន ក៏ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់តាមរយៈការបង្ហាញវត្តមានតាមកម្មវិធីផ្សេងៗ រហូតមានអ្នកទស្សនាមួយចំនួនបានលើកឡើងថា ក្រុមនេះចាប់ផ្ដើមប្រជែងក្រុមលោក ពែកមី ថែមទៀតផង។
តាមការបង្ហាញឈុតសម្ដែងរបស់ក្រុមលោក ងួន សុបិន ដ្បិតតែមិនទាន់មានច្រើនShow ប៉ុន្តែគ្រប់ការបង្ហាញវត្តមានរបស់ក្រុមនេះចាប់ផ្ដើមមានការគាំទ្រខ្លាំង ខណៈដែលសមាសភាពក្នុងក្រុមសុទ្ធតែយុវវ័យ មានកេរ្តិ៍ឈ្មោះលើឆាកសិល្បៈរួចជាស្រេច និងមានសមត្ថភាពខ្ពស់ ហើយក៏មានរូបសម្រស់គួរឲ្យចាប់អារម្មណ៍ផងដែរ។ ចំណុចពិសេសទាំងនេះហើយទើបធ្វើឲ្យក្រុមកំប្លែងថ្មីមួយនេះចាប់ផ្ដើមសម្លឹងឃើញផ្លូវដើរឆ្ពោះទៅរកភាពជោគជ័យយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ដែរថា ក្រុមកំប្លែងថ្មីរបស់លោក ងួន សុបិន មានសមាជិកដូចជា នាយប៉ោយ នាយព្រែក កញ្ញា យេយេ កញ្ញាស្រីអូន កញ្ញា សាឡាត់ស្រីឡាង DJ កាកា រួមនឹងលោក ងួន សុបិន ៕

