
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គ Blind Auditions សប្ដាហ៍ទី១ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មានបេក្ខភាពដែលជាប្អូនៗ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន អ្នកទស្សនាយ៉ាងច្រើនកុះករ។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកមិនបាន មានបេក្ខភាព កុមារី ឃុយ ម៉ីហៀង អាយុ១២ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានរៀបរាប់ខ្លីៗពីជីវិតរបស់ប្អូនស្រី ដែលឪពុកបានស្លាប់បាត់បង់ជីវិត នៅសល់តែអ្នកម្តាយប្រកបមុខរបរលក់ចេកចៀន ហើយម្ដាយសុខចិត្តលះបង់ខាតការលក់ដូរ ដើម្បីឲ្យតែបានបំពេញក្តីបំណងរបស់ប្អូនស្រី ជាមួយគ្នានោះដែរ ការបកស្រាយចម្រៀងរបស់ប្អូន ក៍ពីរោះរណ្តំផងដែរ ក្រោមបទចម្រៀង ចាំនៅតែចាំ ដែលទទួលបានការចុចប៊ូតុងពីសំណាក់គ្រូបង្វឹកទាំង៣នាក់តែម្តង ហើយធ្វើឲ្យគ្រូបង្វឹកកញ្ញា ឱក សុគន្ធកញ្ញា បានស្រក់ទឹកភ្នែកអាណិតអាសូរយ៉ាងខ្លាំង។
