
ខេត្តឧត្តរមានជ័យ៖ ទឹកអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកម្រិតប្រកាសអាសន្នហើយគិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៦ ខែកក្កដានេះ ដោយទឹកក្នុងអាងមានកម្ពស់ ៣,៤០ ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននោះត្រឹមតែ ២,៩០ ម៉ែត្រ។
ទន្ទឹមនឹងកម្ពស់ទឹកហក់ឡើងនេះ ក្រសួងធនធានទឹក បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងទៅដល់ទីតាំងនោះហើយ និងកំពុងអន្តរាគមន៍ដើម្បីកាត់បន្ថយផលប៉ះពាល់ ស្របពេលដែលឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃនេះបាននឹងកំពុងរងវាយដោយជំនន់ទឹកភ្លៀងផងដែរ។
គួររម្លឹកផងដែរថា បើតាមសេក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនៅរសៀលនេះស្ថានភាពកម្ពស់ទឹកនៅទន្លេមេគង្គស្ទឹងត្រែងនិងបានក្រចេះបានឡើងដល់កម្រិតប្រកាសអាសន្នហើយនៅថ្ងៃទី ២៦ កក្កដានេះ ហើយទឹកនឹងហូរទៅតាមព្រែកនិងតំបន់ទំនាបនានាផ្នែកខាងក្រោម មានកាន់តែច្រើនឡើង ដូច្នេះបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់៕
