ជនជាតិវៀតណាម ២នាក់ ត្រូវបានក្រុមឧទ្ទាម គាំទ្រដោយក្រុមសកម្មប្រយុទ្ធ ISIS នៅភាគខាងត្បូងទីក្រុង Marawi កាត់ក្បាលសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត បន្ទាប់ពីចាប់ជំរិតកាលខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Express នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។
បើតាមអះអាងពីមន្ត្រីយោធា ហ្វីលីពីន ការស្លាប់របស់ជនជាតិវៀតណាមខាងលើនេះ កើតឡើងបន្ទាប់ពីសង្គ្រាមប្រយុទ្ធប្រឆាំងភេរវកម្ម ដឹងនាំដោយប្រធានាធិបតីលោក Rodrigo Duterte នៅទីក្រុង Marawi បានបញ្ចប់។ អ្នកនាំពាក្យយោធា ហ្វីលីពីន លោក Jo-Ann Petinglay បានបញ្ជាក់ថា បុរសទាំងពីរត្រូវបានក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ដែលមានមូលដ្ឋាននៅលើកោះ Basilan ខាងត្បូងហ្វីលីពីន។
លោកបន្ថែមថា បច្ចុប្បន្ននៅមានជនជាតិវៀតណាមចំនួន ០៣រូបទៀត ដែលត្រូវបានក្រុមភេរវករខាងលើចាប់ជាចំណាប់ខ្មាំងនៅឡើយ ចំពេលពួកគេជិះទូកនេសាទ ក្បែរកោះមីនដាណាវ ភាគខាងត្បូង នៃប្រទេស ហ្វីលីពីន។ លើសពីនេះទៀតបើតាមការស៊ើបអង្កេត ក្រុមឧទ្ទាម អាប៊ូសាយយ៉ាហ្វ មានចំណាប់ខ្មាំង ២២នាក់នៅក្នុងដៃ ដោយក្នុងនោះ ១៦នាក់ជាជនបរទេសមិនស្គាល់អត្តសញ្ញាណ៕
