
យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានបញ្ជូនទៅកូរ៉េខាងជើង ក្រោយពីការធ្វើតេស្តមីស៊ីល ICBM លើកទី២ ទទួលបានជោគជ័យ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។

មេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិកលោក Terrence J. O’Shaughnessy បានប្រាប់ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកម៉ាក B-1B ចំនួន ២គ្រឿង ត្រូវបានបញ្ជូនឲ្យចូលរួមជាមួយយន្តហោះចម្បាំងជប៉ុន និងកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរ Hwasong-14 ទទួលជោគជ័យរបស់ទីក្រុងព្យុងយ៉ាង កន្លងទៅនេះ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ម្សិលមិញថា"បើសិនជាសហរដ្ឋអាមេរិកនៅតែប្រកាន់យកការផ្សងព្រេងយោធា និងផែនការដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងនោះ យើងនឹងឆ្លើយតបជាមួយសកម្មភាពយុត្តិធម៌យ៉ាងតឹងរឹងដូចដែលយើងបានប្រកាសរួចមកហើយ"៕