
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើពិធីប្រារព្ធខួបលើកទី៩០ នៃកងទ័ពរំដោះប្រជាជន (PLA) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ទៅលើទីក្រុងប៉េកាំង ចំពោះការបរាជ័យ ក្នុងការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយ។

ក្រសួងការពារជាតិចិន បានប្រកាសឲ្យដឹងថា លោក ស៊ី ជីនពីង និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏បានចូលរួមធ្វើជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាផងដែរ។ លោក ស៊ី បានជិះនៅលើរថយន្តស៊ីប មួយគ្រឿងជាមួយឯកសណ្ឋានកងទ័ព ក្នុងក្បួនដង្ហែយឺតៗ អមទៅដោយសំឡេងតន្ត្រីយោធា។

ក្រសួងការពារជាតិ បានបន្តបន្ថែមទៀតថា នេះគឺជាលើកទីមួយហើយ ដែលលោក ស៊ី ជីនពីង បានចូលរួមការអង្កេតកងទ័ពទ្រង់ទ្រាយធំបែបនេះ ដោយមានការចូលរួមពីកងទ័ពប្រមាណ ១២០០០នាក់ បូករួមទាំងយន្តហោះចម្បាំងច្រើនជាង ១០០គ្រឿង និងសព្វាវុធយោធាសេរីថ្មីប្រហែល ៦០០គ្រឿងផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០០៩ ប្រទេសចិន បានអភិវឌ្ឍន៍ក្បាលគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបម៉ាក DF-31AG ឲ្យទៅជា DF-31A ដែលមានសមត្ថភាពខ្លាំងជាងមុន។ ជុំវិញបញ្ហាការដាក់បង្ហាញគ្រាប់នុយក្លេអ៊ែរនេះ គឺសម្រាប់បង្ហាញពីសមត្ថភាពខាងការពារឲ្យកាន់តែប្រសើរឡើង និងការឈ្លានពានពីប្រទេសជិតខាងផងដែរ៕