
ប្រទេសចិន៖ អាជ្ញាធរចិនដីគោកមិនបង្អង់យូរឡើយទើបចេញសេចក្តីប្រកាសហាមប្រាមមិនអនុញ្ញាតអោយតារាចម្រៀងJustin Bieberសម្តែងលើទឹកដីរបស់ខ្លួនទេព្រោះតារារូបនេះមានចរិកនិងឥរិយាបថមិនសមរម្យសោះឡើយ។ ការចេញសេចក្តីប្រកាសនេះគឺក្នុងបំណងមិនចង់អោយយុវវ័យក្នុងប្រទេសចិនយកតម្រាប់តាមតារារូបនេះ។
ចុងឆ្នាំនេះJustin Bieber និងធ្វើដំណើរជុំវិញទ្វីបអាស៊ី ជាលក្ខណៈដំណើរកំសាន្តជុំវិញពិភពលោកហើយនិងឈប់សម្រាកនៅទីក្រុងHong Kong។ អ្នកគាំទ្រJustin Bieberក្នុងប្រទេសចិនបានធ្វើការស្នើរអោយការិយាល័យគាំពារវប្បធម៌ក្រុងBeijingបកស្រាយពីការហាមប្រាមនេះអោយបានលម្អិត។

ក្រោយមកមានការបកស្រាយនៅក្នុងវេបសាយរបស់ក្រសួងវប្បធម៌ចិនអំពីរឿងនេះថា៖
"Justin Bieberជាតារាចម្រៀងបរទេសវ័យក្មេងដែលមានចរិកផ្ទុយពីវប្បធម៌ដ៏ផូរផង់របស់ចិន។ ទាំងឥរិយាបថក្នុងការរស់នៅរបស់គេរួមទាំងការសម្តែងរបស់គេគឺមានលក្ខណៈប្លែកពីមនុស្សជាតិអាស៊ី។
យើងចង់ឃើញវប្បធម៌ប្រពៃណីចិននៅរក្សាភាពល្អផូរផង់ជាអង្វែងតទៅ ហើយមិនចង់អោយបុគ្គលដែលមានចរិកមិនសមរម្យដូចជាJustin Bieberនេះមកនាំអោយយុវជនយើងមើលឃើញនិងយកតម្រាប់តាមនោះទេ។ ហេតុនេះបានជាយើងចេញសេចក្តីប្រកាសហាមប្រាមមិនអោយមានវត្តមានJustin Bieberសម្តែងលើទឹកដីយើងឡើយ "។ ទោះជាយ៉ាងណាក៏ដោយសេចក្តីប្រកាសចុងក្រោយបានបន្ថែមថា៖ " យើងសង្ឃឹមថាថ្ងៃណាមួយJustin Bieberនិងកែប្រែផ្លាស់ប្តូរចរិកនិស្ស័យដែលវប្បធម៌ជាតិយើងអាចទទួលយកបានជាសាធារណៈ នោះយើងនិងអនុញ្ញាតអោយមានវត្តមានការសម្តែងរបស់Justin Bieberនៅលើទឹកដីយើង។"
មិនមានពត៌មានច្បាស់ការណាមួយបញ្ជាក់ថាJustin Bieberធ្លាប់បានប្រព្រឹត្តបទល្មើសមជ្ឃឹមក្នុងប្រទេសចិនឡើយ។ ប៉ុន្តែកាលពីឆ្នាំ២០១៣ Justin Bieberបានសម្តែងក្នុងទីក្រុងShanghai, Beijing និង Dalian ហើយកាលណោះ Bieberបានឆ្លៀតឱកាសទៅកំសាន្តនិងទស្សនាមហាកំពែងចិនដែលជារតនៈវត្ថុដ៏មានតម្លៃរបស់ប្រទេសចិននិងពិភពលោកទាំងមូល។ ឥរិយាបថមួយចំនួនរបស់Justin Bieberនៅលើមហាកំពែងចិនធ្វើអោយមតិសាធារណៈមានការរិះគន់និងមិនពេញចិត្តជាខ្លាំង។

Bieber បានអោយអង្គរក្សពីរនាក់លើកគេឡើងហើយអង្គុយលើស្មារអង្គរក្សទាំងពីរក្នុងការដើរមើលទិដ្ឋភាពនៃមហាកំពែង។ ឥរិយាបថនេះគឺពិតជាចម្លែកខុសគេហើយក៏មិនអាចទទួលយកបានដែរ។ ក្រោយមកJustin Bieberបានទៅទស្សនកិច្ចនៅចេតិយស្ថានYasukuniប្រទេសជប៉ុនដែលជាទីស្ថានប្រទាញប្រទង់រឿងនយោបាយរវាងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង។ ទើបបណ្តាលអោយអ្នកគាំទ្រJustin Bieberរាប់លាននាក់នៅប្រទេសចិននិងកូរ៉េខាងត្បូងស្នើរអោយ Bieberធ្វើការសុំទោសជាសាធារណៈ។ កាលនោះBieberក៏បានសរសេរសារសុំទោសជាសាធារណៈក្នុងបណ្តាញសង្គមTwitterរបស់ខ្លួនដោយមានសេចក្តីថា៖ " កាលទៅទស្សនានៅចេតិយស្ថានYasukuniប្រទេសជប៉ុន ខ្ញុំគ្រាន់តែយល់ថាYasukuniជាចេតិយស្ថានសម្រាប់គោរពបូជាដ៏ល្អស្អាតបំផុតប៉ុណ្ណោះ ខ្ញុំគ្មានចេតនាអ្វីផ្សេងឡើយ។ បើអ្នករាល់គ្នាគិតថាខ្ញុំបានធ្វើអំពើខុសឆ្គង ខ្ញុំសូមអភ័យទោសនិងសោកស្តាយជាទីបំផុត។ ខ្ញុំស្រលាញ់អ្នកណាស់! ទាំងប្រទេសចិន និងប្រទេសជប៉ុន!!។ " អត្ថបទ៖ Khmer5 News

