
ប្រទេសអង់គ្លេស បានព្រមានយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង ដោយបញ្ជាអោយឯកអគ្គរាជទូតកូរ៉េ ប្រាប់លោក គីម ជុងអ៊ុន ឲ្យបញ្ឈប់ការធ្វើតេស្តមីស៊ីល ដ៏គ្រោះថ្នាក់នេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (express) បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Lord Ahmad បាននិយាយបន្ទាប់ពីជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Choe II នៅទីក្រុងឡុងដ៍ ថា "សកម្មភាពរបស់ទីក្រុងព្យុងយ៉ាងថ្មីៗនេះ បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន និងគំរាមកំហែងដល់សន្តិសុខអន្តរជាតិ"។
លោក សូមអំពាវនាវឲ្យរបបនេះបញ្ឈប់សកម្មភាពគ្រោះថ្នាក់ ព្រមទាំងផ្លាស់ប្ដូរទិសដៅ និងផ្ដោតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋជាជាងស្វែងរកមធ្យោបាយនុយក្លេអ៊ែរ។ ជុំវិញបញ្ហានេះផងដែរ ប្រទេសអង់គ្លេសនឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែងនេះ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសចិនលោក Geng Shuang បានច្រានចោលពាក្យចចាមអារ៉ាមមួយចំនួនដែលថា "ទីក្រុងប៉េកាំង គឺមានអំណាចគ្រប់គ្រងកូរ៉េខាងជើង និងជាអ្នកនៅពីក្រោយនៃការផ្ដល់បច្ចេកវិទ្យា ព្រមទាំងសព្វាវុធសេរីថ្មីៗ ទៅកាន់ទីក្រុងព្យុងយ៉ាង សម្រាប់ការសាកល្បងនុយក្លេអ៊ែរ សប្ដាហ៍មុននេះ"៕


