
ប្រទេសកូរ៉េខាងជើង បានសន្យាថា យើងនឹងបាញ់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-12 ជាច្រើនគ្រាប់ ចូលមហាសមុទ្រនៅក្បែរទឹកដីអាមេរិក នាពេលខាងមុខនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអះអាងថា នៅពាក់កណ្ដាលខែសីហានេះ យើងនឹងបាញ់មីស៊ីលឆ្លងទ្វីប Hwasong-12 ចំនួន ៤គ្រាប់ ចូលមហាសមុទ្រ ចម្ងាយ ៣០ ទៅ៤០គីឡូម៉ែត្រ ក្បែរកោះ Guam សហរដ្ឋអាមេរិក។ មេបញ្ជាការកងកម្លាំងកូរ៉េខាងជើង (KPA) លោក Kim Rak Gyom បានប្រាប់ឲ្យដឹងថា មីស៊ីលផ្លោងមួយនេះ មានសមត្ថភាពហោះចម្ងាយ ៣.៣៥៦គីឡូម៉ែត្រ ក្នុងរយៈពេល ១.០៦១វិនាទី ដែលឆ្លងកាត់ទីក្រុង Shimane ខេត្ត Hiroshima និងខេត្ត Koichi ប្រទេសជប៉ុនផងដែរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគកម្មវិធីនុយក្លេអ៊ែរ ICBM នៅទូទាំងពិភពលោក បានបញ្ជាក់ប្រាប់ថា កូរ៉េខាងជើងអាចវាយលុកទ្វីបអាមេរិក ប្រសិនបើពួកគេមានគោលដៅមីស៊ីលដ៏សាហាវនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។
គួររម្លឹកផងដែរថា កាលពីម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា លោកនឹងឆ្លើយតបការគំរាមកំហែងរបស់កូរ៉េខាងជើង ដោយប្រើពាក្យថា "យើងនឹងបង្ហាញពិភពលោកឲ្យឃើញនៅភ្លើងកំហឹងទៅលើទីក្រុងព្យុងយ៉ាង ដែលមិនធ្លាប់មានពីមុន"៕

