
មនុស្សរាប់រយនាក់ ត្រូវបានគេព្រួយបារម្ភថា បានស្លាប់ បន្ទាប់ពីការរអិលបាក់ដី នៅទីក្រុង ហ្វ្រីថោន ប្រទេស សៀរ៉ា ឡេអូន(Sierra Leone) កាលពីព្រឹកថ្ងៃចន្ទនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី ១៥ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនៅ Sierra Leone បាននិយាយថា អាជ្ញាធរបានរកឃើញសាកសពមនុស្សចំនួន២០៥នាក់ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលមនុស្សជាង ១ពាន់នាក់ផ្សេងទៀតបាត់ខ្លួន។ ប្រធានាធិបតី Sierra Leone លោក Ernest Koroma បានធ្វើសុន្ទរកថាសោកស្ដាយថា "ខ្ញុំពិតជាឈឺចាប់យ៉ាងខ្លាំង ពីសោកនាដកម្មនេះ និងសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារដែលមានកូន ឬសាច់ញាតិ ដែលស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ"។
ជុំវិញហេតុការណ៍នេះ រដ្ឋាភិបាល Sierra Leone និងដៃគូអភិវឌ្ឍន៍ បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងផ្ដល់ជំនួយសង្គ្រោះដល់អ្នកនៅរស់ទាំងអស់៕
