ក្រសួងការបរទេសរុស្ស៊ី បានព្រមាន និងដាក់ទណ្ឌកម្មទៅលើសហរដ្ឋអាមេរិក ក្នុងរឿងផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុង កៀវ (Kiev) ប្រទេសអ៊ុយក្រែន បណ្ដាលឲ្យជម្លោះកាន់តែកើនឡើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាយប់ថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
ក្រសួងការបរទេសរុស្ស៊ីលោក Mikhail Ulyanov បាននិយាយឲ្យដឹងថា "មេគំនិតនៃផែនការផ្គត់ផ្គង់អាវុធដ៏សាហាវ ដែលបានផ្ដល់ទៅឲ្យ អ៊ុយក្រែន ហាក់ដូចជាបង្កើនស្ថានភាពតានតឹងឲ្យកាន់តែខ្លាំងឡើង នៅភាគខាងកើតប្រទេសនេះ"។
កាសែតអាមេរិក Wall Street Journal បានចុះផ្សាយឲ្យដឹងថា "មន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាមេរិក បានរៀបចំផែនការផ្គត់ផ្គង់មីស៊ីល antitank និងអាវុធសេរីទំនើប ខណៈដែលទីក្រុងកៀវ នឹងតម្រូវឲ្យមានអាវុធការពារខ្លួនពីការឈ្លានពានដែលអាចធ្វើទៅបានដោយទីក្រុងមូស្គូ"។
ការស្នើសុំសព្វាវុធរបស់ទីក្រុងអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាក្នុងប្រទេស ត្រូវបានលើយកមកពិភាក្សានៅក្នុងអំឡុងកិច្ចចរចារវាងលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Poroshenko នៅក្នុងខែមិថុនាកន្លងទៅនេះ។ ប្រភពដដែលបាននិយាយថា ផែនការនេះមិនទាន់ត្រូវបានអនុម័ត ដោយសេតវិមាននោះទេ ខណៈដែលលោក Trump មិនបានដឹងអំពីការផ្លាស់ប្ដូរនេះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ ទីក្រុង Kiev មានសង្គ្រាមស៊ីវិល នៅភាគអាគ្នេយ៍នៃប្រទេស ចាប់តាំងពីប្រជាពលរដ្ឋនៅក្នុងតំបន់ Donetsk និង Lugansk បានបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលថ្មី។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជម្លោះនេះ បានកើនឡើងដល់ជាង ១ម៉ឺននាក់ និងរងរបួសប្រមាណ ២៤ពាន់នាក់ នៅក្នុងហេតុការណ៍នេះ៕

