ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ស្ត្រីម្នាក់ ជានគរបាលអន្តោប្រវេសន៍ពាក់ស័ក្តិ ៤ មានតួនាទីជា នាយរងប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយរថយន្តទំនើបមួយគ្រឿង តាមដីកាសម្រេចចាត់ចែងរក្សាការពារ របស់លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចុះអនុវត្តដីកាខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងភោជនីយដ្ឋាន ណានជីង ខណ្ឌ៧មករា។
យោងតាមតាមដីកាសម្រេចចាត់ចែងរក្សាការពារ លេខ ០៨ “ដសចរកព” របស់លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចដកហូតរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7349 ពីកូនបំណុលឈ្មោះ ថន គារ៉េនណា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល អន្តោប្រវេសន៍ពាក់ស័ក្តិ ៤ មានតួនាទីជា នាយរងប៉ុស្តិ៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីលំនៅផ្ទះលេខ ១៤ E0E1 ផ្លូវ៣៦៨ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឱ្យទៅម្ចាស់បំណុលឈ្មោះ ចាន់ ស្រីយ៉ា។
ក្រោយឃាត់ខ្លួន និងរថយន្ត ត្រូវបានលោក ខាំ សុផារី បញ្ជាឱ្យនាំយកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ រហូតដល់ម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែល ភាគីទាំងសងខាង មិនបានសម្របសម្រួលត្រូវគ្នាចប់នោះទេ ទើបភាគីម្ចាស់បំណុលស្នើឱ្យ លោក ខាំ សុផារី ព្រះរាជអាជ្ញារងបន្តបនីតិវិធីនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ទៀត ហើយជាចុងក្រោយព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចប្រគល់រថយន្ត ឱ្យទៅដើមបណ្ដឹង។

បញ្ជាក់ សំណុំរឿងនេះត្រូវបានគេបង្ហើបថា ឈ្មោះ ថន គារ៉េនណា កាលពីចុងឆ្នាំ២០១៤ បានជួលរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7349 ពីឈ្មោះ ចាន់ ស្រីយ៉ា តែរហូតមកឈ្មោះ ថន គារ៉េនណា មិនបានបង់ប្រាក់ប្រចាំខែឡើយ ទើបកើតជាក្ដីក្ដាំងយ៉ាងដូច្នេះ។ ប៉ុន្តែប្រភពខ្លះឲ្យដឹងថា រឿងនេះជារឿងទិញរថយន្តបង់រំលោះទេ មិនមែនជួលឡើយ។ ទោះយ៉ាងណា រថយន្តនោះបានដកហូតឲ្យម្ចាស់ដើមវិញហើយនៅថ្ងៃទី០១ សីហាដដែល៕


ចុចអាន៖ ស្រីស្អាត ពាក់ស័ក្តិ ៤ បង្ហោះសារ និងលិខិតបំភ្លឺ លើករណី បង់រំលោះ ម្ចាស់ប្តឹងដកយករថយន្តវិញ

