
ក្រោយពីមានសារព័ត៌មានមួយបានចុះផ្សាយ គួរអោយភ្ញាក់ផ្អើល ! ពុទ្ធបរិស័ទប្រគេនស្បែកជើងមាស ដល់សម្ដេចព្រះគតិបណ្ឌិតឧត្តមបញ្ញា ដូង ផង់ ធ្វើឲ្យមានអ្នកលេងហ្វេសប៊ុកជាច្រើនបានលើកឡើងពីបញ្ហានេះ សូម្បីតែតេជគុណ សាន សុជា ក៍បានលើកឡើងផងដែរ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែល តេជគុណ មានសង្ឃដឺកាទាក់ទងនឹងរឿងនេះ ៖
ស្បែកជើងមាសនេះ មិនដឹងថាធ្វើប្រគេនសម្តេចពាក់ ឬសម្រាប់ទុកមើលទេ ។
បើសម្តេចពាក់ សម្តេចពិតជាមិនហ៊ាននិមន្តទៅណាមួយអង្គឯងឡើយ។ ពាក្យថា អ្នកបួស ជាអ្នកមិនខ្លាច ត្រាច់ចរទៅណាមកណាតែម្នាក់ឯង ដូចកុយរមាស សម្តេចលែងបាននាមហ្នឹងហើយ ចាំបាច់ត្រូវតែមានអង្គរក្ស ព្រោះលោកចោរមិនស្គាល់សម្តេចទេ។ ម្យ៉ាងទៀត ពិតជាកើតបលិពោធខ្លាំង លែងហ៊ានទុកក្រោមកុដិដូចស្បែកជើងធម្មតា គឺកើតខ្វល់នឹងការថែរក្សាស្បែកជើងនេះ នឹងឆ្ងាយចាកអំពីកម្មដ្ឋាន។
បើទុកលើកុដិក៏មិនស្រួលព្រះទ័យដែរ ក្រែងមានអ្នកបន្លំ។
ម្យ៉ាងទៀត ស្បែកជើងមាសនេះរឹងណាស់ ពាក់មិនស្រួលដូចស្បែកជើងផ្ទាត់ធម្មតាទេ។
បើគិតតាមបែបវិជ្ជមានវិញ ខ្ញុំព្រះករុណាសូមសរសើរបុណ្យសម្តេច វាជាឱកាសមាសសម្រាប់សម្តេចធ្វើរឿងល្អផ្សេងទៀត គឺសម្តេចគ្រាន់តែទទួលដើម្បីឲ្យម្ចាស់ទានសប្បាយចិត្ត រួចសម្តេចឲ្យគេយកទៅលក់ ដូរជាថវិកា យកទៅជួយសមណសិស្ស ឬជនក្រីក្រ ។ ធ្វើដូច្នេះ បុណ្យរបស់សម្តេចរឹតតែរុងរឿងបន្ថែមទៀតមិនខាន។ សូមសម្តេចទទួលនូវសេចក្តីគោរពអំពីខ្ញុំព្រះករុណា ។


