
មួយរយៈនេះទស្សនិកជនភាគច្រើនតែងបានឮពាក្យថា វិស័យភាពយន្តខ្មែរកំពុងរីកដុះដាលខ្លាំង ព្រោះផលិតករជើងថ្មី និងវណ្ណកម្មថ្មីៗ ក៏បានបង្ហាញវត្តមានលើទីផ្សារជាបន្តបន្ទាប់។ ប៉ុន្តែនៅពីក្រោយនៃពាក្យជោគជ័យនេះ តារាសម្ដែងល្បីឈ្មោះ និងធ្លាប់គ្រងតំណែងតួឯកជាច្រើនរឿងម្នាក់ បែរជាពោលប្រាប់អ្នកលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube ថា រូបគេកំពុងដាច់បាយរយៈពេលជាងមួយខែមកហើយ គឺមានតែមីកញ្ចប់ចិញ្ចឹមក្រពះតែប៉ុណ្ណោះ។

លោក សុខ ដែន គឺជាតារាក្បាច់គុនល្បីឈ្មោះក្នុងទីផ្សារសិល្បៈភាពយន្តខ្មែរ ហើយរូបលោកក៏ធ្លាប់គ្រងតំណែងតួឯកជាច្រើនរឿងមកហើយដែរ។ តែពេលនេះលោកបែរជាធ្លាក់ខ្លួនតារាដាច់យ៉ៃ សូម្បីតែបាយបីពេលមិនគ្រប់ បានត្រឹមយកមីកញ្ចប់ជំនួស ព្រោះតែមួយរយៈនេះ លោកមិនមានផលិតករហៅសម្ដែង ហើយតម្លៃខ្លួន រឿងដែលបានថតពីមុនទាបផងនោះ ទើបធ្វើឲ្យលោកដាច់បាយ។
ជាមួយគ្នានេះដែរ Kqube ក៏បានសុំឲ្យលោក សុខ ដែន បង្ហាញប្រាប់ពីចំណូលសម្ដែងភាពយន្តមួយរឿងទទួលបានប៉ុន្មាន ដើម្បីឲ្យអ្នកគាំទ្រលោកជ្រាបដែរ ប៉ុន្តែតារាក្បាច់គុនរូបនេះបញ្ជាក់ថា ទីផ្សារភាពយន្តស្រុកយើង ទោះជាល្បីយ៉ាងណា ក៏មិនបានថ្លៃខ្ពស់ដូចប្រទេសជិតខាងដែរ។ យ៉ាងណាមិញ តួក្បាច់គុនដូចជារូបលោកមិនសូវមានការងារច្រើនទេ ទើបជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចប្រចាំថ្ងៃ៕

