
អ្នកនេសាទយ៉ាងហោចណាស់ ៣១នាក់ត្រូវបានសម្លាប់ដោយក្រុមជីហាដនិយម និងបូកូហារ៉ាម (ISIS) នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នានៅលើកោះ Chad ភាគឦសានប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
សមាជិកនៃកងជីវពលក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងពួកជីហាដនិយមលោក Babakura Kolo បានប្រាប់ សារព័ត៌មានបារាំង AFP ថា ក្រុមឧទ្ទាមខាងលើ ដែលប្រដាប់ទៅដោយអាវុធ បានបាញ់សម្លាប់ក្រុមអ្នកនេសាទចំនួន ១៤នាក់ នៅលើកោះ Duguri និង១៧នាក់ផ្សេងទៀ លើកោះ Dabar Wanzam កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

មន្ត្រីយោធានីហ្សេរីយ៉ា បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅពេលដែលក្រុមអ្នកនេសាទវិលត្រឡប់មកកាន់មជ្ឈមណ្ឌលនេសាទត្រីបាហ្គេ នៅលើឆ្នេរសមុទ្រ កាលពីថ្ងៃសុក្រ ហើយបានបន្តធ្វើដំណើរទៅកាន់កោះពីរផ្សេងទៀត តាមរយៈទូកឈើរបស់ខ្លួន។ យោធាបានបន្តទៀតថា ព័ត៌មាននៃការវាយប្រហារនេះ គឺមានការយឺតយ៉ាវ ដោយសារតែការទាក់ទងគ្នានៅក្នុងតំបន់មានការលំបាក នៅពេលដែលក្រុមបូកូហារ៉ាម បានបំផ្លាញប្រព័ន្ធទូរគមនាគមន៍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមបូកូហារ៉ាម បានសម្លាប់អ្នកនេសាទចំនួន ៤៨នាក់ នៅជិតបាហ្គា ដែលកំពុងធ្វើដំណើរទៅប្រទេសជិតខាងរបស់ឆាដ ដើម្បីទិញត្រីដែលជាការវាយប្រហារដ៏កាចសាហាវបំផុតមួយប្រឆាំងនឹងអ្នកនេសាទដោយពួកជីហាដ នៅតំបន់នោះ៕
