
សហគ្រិន៖ ការប្រកបរបររកស៊ីរបស់ស្ត្រីវ័យក្មេងម្នាក់ មុនក្លាយជាសហគ្រិនឆ្នើមនៅកម្ពុជា គឺចាប់ផ្ដើមតស៊ូពីការបើករបរដាក់ទូរស័ព្ទតាមចិញ្ចើមផ្លូវ បន្ទាប់មកបង្កើតរបរបន្ថែមមួយទៀតជាអ្នកនាំចូលគ្រឿងបន្លាស់ឡានម៉ូតូ និងបច្ចុប្បន្នក្លាយជាម្ចាស់អាជីវកម្មគ្រឿងសង្ហារិមដ៏ធំស្កឹមស្កៃនៅតាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ផ្សារដើម ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រី សំ លីនណា អគ្គនាយិកាមជ្ឈមណ្ឌលលក់គ្រឿងសង្ហារិម Ellesse Furniture និងជាសហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជា បានទម្លាយនៅប្រវត្តិសង្ខេបមួយចំនួនដល់គេហទំព័រព័ត៌មាន Kqube.net ឲ្យបានដឹងថា ជីវិតក្នុងរបររកស៊ីរបស់លោកស្រី គឺចាប់ផ្ដើមពីក្មេងស្រីម្នាក់ ដែលចេះដាក់ទូរស័ព្ទតាមចិញ្ចើមផ្លូវ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកស្រីបានបន្តថា បន្ទាប់ពីការរកស៊ីផ្នែកដាក់ទូរស័ព្ទតាមទីសាធារណៈនោះទទួលបានជោគជ័យគ្រាន់បើនោះ អាជីវកម្មបន្ទាប់លោកស្រីបានបើកលក់នៅគ្រឿងបន្លាស់ឡានម៉ូតូ ហើយការងារមួយនេះ ថ្វីត្បិតតែខ្លួនជាស្ត្រីភេទពិតមែន ប៉ុន្តែធ្វើការធ្ងន់មិនចាញ់មនុស្សប្រុសនោះទេ។ មូលហេតុដែលលើកឡើងដូច្នេះ គឺលោកស្រី លីនណា ចេះមើល និងជួសជុលគ្រឿងបន្លាស់ឡានម៉ូតូដូចជាមនុស្សប្រុសដែរ។
បច្ចុប្បន្នភាពលោកស្រី សំ លីនណា មិនត្រឹមតែជាអ្នកជំនួញជោគជ័យក្នុងរយៈពេលខ្លី នៃការធ្វើអាជីវកម្មនោះទេ លោកស្រី ក៏ជាសហគ្រិនវ័យក្មេង ដែលទទួលបានពានរង្វាន់ឆ្នើម ប្រចាំឆ្នាំថែមទៀត។ សម្រាប់ពេលដ៏ខ្លីខាងមុខនេះ Kqube.net គ្រោងអញ្ជើញលោកស្រី សំ លីនណា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ក្នុងការចាប់ផ្ដើមអាជីវកម្មក្នុងកម្មវិធី Business Start Up ដោយធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Kqube Hot News រៀលរាល់ថ្ងៃពុធ វេលាម៉ោង ២ និង៣០នាទីរសៀល ដើម្បីឲ្យទស្សនិកជនបានជ្រាប់នៅព័ត៌មានបន្ថែមផងដែរ៕



