
រាជធានីភ្នំពេញ៖ ពាក់ព័ន្ធសំណើសុំចាត់វិធានការលើវិទ្យុពីររបស់អាមេរិក រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានពន្យល់ថា ការយកពន្ធវិទ្យុ គឺសម្រាប់ស្ថានីយណាដែលជួលម៉ោងផ្សាយ និងការប្រើប្រាស់រលកសញ្ញានៅក្នុងស្រុកតែប៉ុណ្ណោះ។
ត្រង់ន័យនេះលោកអះអាងថា ការប្រើប្រាស់ប្រេកង់ ឬរលកសញ្ញានៅក្នុងស្រុកត្រូវបង់ពន្ធចូលរដ្ឋ ពោលគឺយកពន្ធតែស្ថានីយណាជួលម៉ោងផ្សាយ ប៉ុន្តែបើស្ថានីយវិទ្យុដែលមានការិយាល័យនៅកម្ពុជាវិញ ត្រូវសុំច្បាប់មកក្រសួងព័ត៌មានជាមុនសិន បើមិនដូច្នេះទេគឺនឹងខុសច្បាប់។
ការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ បានធ្វើឡើងកាលពីម្សិលមិញ នាទីស្ដីការក្រសួង បន្ទាប់ពីលោកបានទទួលលិខិតពីក្រសួងសេដ្ឋកិច្ចស្ដីពី សំណើសុំចាត់វិធានការចំពោះការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានធ្វើសកម្មភាពយកព័ត៌មាន និងការជួលម៉ោងផ្សាយបន្ត នៅតាមស្ថានីយវិទ្យុផ្សេងៗ ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាននិងមិនមានការចុះបញ្ជីពន្ធដារតាមច្បាប់ស្ដីពីសារពើពន្ធ។
ឯកឧត្ដមបញ្ជាក់យ៉ាងដូច្នេះទៀតថា ករណីស្ថានីយណាជួយម៉ោងផ្សាយដោយមិនបានសុំច្បាប់ គឺជាការខុសច្បាប់ ពីព្រោះនៅក្នុងកិច្ចសន្យាបាននិយាយថា ហាមជួលម៉ោងផ្សាយ បើជួលផ្សាយត្រូវតែសុំច្បាប់។ បើស្ថានីយណាមិនធ្វើគឺវាខុសកិច្ចសន្យា។ ការបង់ពន្ធវិទ្យុ គឺសំខាន់ ស្ថានីយដែលទទួលផ្សាយជាអ្នកបង់ពន្ធ ឬស្ថានីយវិទ្យុដែលជួលម៉ោងជាអ្នកទទួលបង់។ នេះយោងតាមAKP។