Sponsor
Amapapa News

ខេត្តស្វាយរៀង៖ ទីបំផុត​អំពើឃាតកម្មដ៏សាហាវរំលោភសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិមានខ្សែក និងជញ្ជៀន ពីនារីបុគ្គលិកបម្រើការងារនៅកាស៊ីណូ «Good Luck» នាក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ និងថ្កោលទោសឃាតក តាមបណ្ដាញសង្គម Facebook តៗគ្នានោះ នៅពេលនេះកម្លាំងនគរបាលខេត្តស្វាយរៀង បានតាមចាប់ខ្លួនជនសង្ស័យជាឃាតកចំនួន២នាក់ បានហើយនៅភ្នំពេញ និងនៅស្វាយរៀងតែម្តង ដែលពួកគេមានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ី ។ ប៉ុន្តែ​ជា​អ្នក​ផ្សេង​មិនមែន​ជា​អ្នក​រត់​តាក់ស៊ី​មានឈ្មោះ​សម្បត្តិ តាក់ស៊ី​នោះ​ទេ គឺ​គេ​បាន​ផ្ទេរ​រថយន្ត​ឲ្យ​អ្នក​រត់​តាក់​ដូច​គ្នា ដែល​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ។

នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានបញ្ជាក់ថា ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ឆើយ សុជាតិ អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផ្លៀក មុន្នី ត្រូវបានកម្លាំងរបស់លោក ធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លូន នៅស្វាយរៀង នាវេលាម៉ោង៨ព្រឹកមិញ។

លោក​បន្ត​ទៀត​ថា ឆ្លង​តាម​ការ​សាកសួរ​រហូត​ដល់​ម៉ោង​២​រសៀល​ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​នៅ​ក្នុង​រថយន្ត រួច​រឹត​.​ក​សម្លាប់ ថែម​ទាំង​យក​ទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ប្រាកដ​មែន ។ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃ​ទី​៨​នេះ នគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ។សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ​។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ មានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ី រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្យ ស្រុកកំពង់រោ ខេត្តស្វាយរៀង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មុនពេលកើតហេតុនារីរងគ្រោះ បានជិះក្នុងរថយន្ដតាក់ស៊ី ម៉ាក High​lander ឆ្ពោះទៅខេត្តស្វាយរៀង ហើយពេលទៅដល់ជីភូ ជនសង្ស័យម្នាក់ទៀត ​ដែលជាអ្នកបើករថយន្ដតាក់ស៊ីផងដែរនោះ បានទុករថយន្ដរបស់ខ្លួនចោល ហើយឡើងរថយន្ដ Highlander រួមគ្នាធ្វើសកម្ម​ភាពរំលោភសម្លាប់ រួចហើយប្លន់យកខ្សែកមួយខ្សែ និងជញ្ជៀនមួយវង់ គេចខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បាននិងកំពុងសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការបន្ដទៀត តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck»​ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសាកសព​ ដែលត្រូវបានគេរំលោភសម្លាប់។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា​ នារីរងគ្រោះដែលត្រូវរំលោភសម្លាប់នេះ ​ឈ្មោះ សុខ ម៉ាលីន អាយុ១៨​ឆ្នាំ បុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិត មានទីលំនៅនៅខេត្តព្រះវិហារ ហើយប្រទះឃើញសព នៅកណ្ដាលវាលស្រែង​ ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នារីជនរងគ្រោះត្រូវបានក្រុមគ្រួសារមកប្ដឹងថា បានបាត់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់​នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។

លោកស្នងការ បានបញ្ជាក់ថា បើតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះ នៅពេលនាងជិះរថយន្ដតាមផ្លូវគ្រួសារបានតេសួរថា ជិះឡានមកដល់ណាហើយ ពេលនោះនារីរងគ្រោះថា មកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។ ក្រោយបាត់ដំណឹងភ្លាមក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យនគរបាលជួយអន្ដរាគមន៍តាមរក។

ជាមួយគ្នានោះ លោកស្នងការ ស្ថានភាពគ្រួសាររបស់ស្ដ្រីរងគ្រោះមានសភាពក្រលំបាកខ្លាំងណាស់ សូម្បីតែលុយដឹកសាកសពទៅ​ធ្វើបុណ្យ​នៅស្រុកកំណើត ខេត្តព្រះវិហារក៏គ្មានផង ប៉ុន្ដែលោកបានឲ្យឡានសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកសពយកទៅស្រុក​កំណើត​ផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor