
មានហេតុការណ៍រញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ ដែលបានវាយប្រហារតំបន់មួយកន្លែងក្នុងទីក្រុង Jiuzhaigou ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ធ្ងរជាច្រើនរយនាក់។ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
កាលពីវេលាម៉ោង ៩៖១៩នាទីយប់មិញ (ម៉ោងក្នុងស្រុក) មានគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៣នាក់ និង១៧៥ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ បើតាមមជ្ឈមណ្ឌលស្ទាបស្ទង់គ្រោះរញ្ជួយផែនដីចិន បានបញ្ជាក់ឲ្យដឹងថា វាមានជម្រៅប្រមាណ ៣៥គីឡូម៉ែត្រ នៅក្រោមដី។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានដកស្រង់សម្ដីពីការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលខេត្តថា យ៉ាងហោចណាស់មនុស្ស ៥នាក់ ដែលស្លាប់ គឺជាភ្ញៀវទេសចរណ៍ និងមនុស្សប្រហែល ២.៨០០នាក់ផ្សេងទៀត ត្រូវបានគេជម្លៀសចេញពីសណ្ឋាគារ អ៊ីនធឺខន កុងទីណង់តាល់ ភ្លាមៗតែម្ដង។
ជុំវិញគ្រោះថ្នាក់ខាងលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង រួមទាំងនាយករដ្ឋមន្ត្រីលោក Li Keqiang ក៏បានបង្គាប់ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយសង្គ្រោះ អ្នកដែលបានទទួលរបួស និងផលប៉ះពាល់ ដោយសារគ្រោះរញ្ជួយដីនេះ ជាបន្ទាន់ផងដែរ៕


