
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះ រួចបញញជូនទៅសាលាដំបូងភ្លាមៗនៅថ្ងៃទី១៣ ខែសីហានេះ នៅចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម បន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង។ គិតត្រឹមវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃអាទិត្យដដែលនេះ លោក សួន សេរីរដ្ឋា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរ ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋាន បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកមានខ្លឹមសារយ៉ាងដូច្នេះថា៖ «សាមកុក របស់លោក ហ៊ុន សែន កំពុង បែកកុក ! សេនាប្រមុខ ដាក់បញ្ជារឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ… តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា !
ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង ! ។
តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជនបំភាន់យើងក៏ដោយ… ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិរបស់យើងដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ» ៕

មន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា បងប្អូនកងទ័ពកំពុងមានកំហឹងយ៉ាងខ្លាំងជាមួយលោក សួន សេរីរដ្ឋា, ហើយនៅពេលនេះជាការល្អទៅវិញទេ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាន់ពេល បើមិនដូច្នេះបងប្អូនកងទ័ពនឹងមិនអត់អោនឲ្យ ជនប្រមាថជាតិខ្មែរ សួន សេរីរដ្ឋា នោះទេ ប្រាកដជាទៅរករឿងមិនខាន។ លោក សួន សេរីរដ្ឋា ទៅដេកនៅក្នុងគុកប្រសើរជាងនៅខាងក្រៅ ព្រោះបើនៅខាងក្រៅអាច នឹងមានបញ្ហាដល់អាយុជីវិត ដោយសារកំហឹងរបស់បងប្អូនកងទ័ព៕








