
ទាហានអាមេរិកចំនួន ២នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម IS នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៧។
មេបញ្ជាការកងអនុសេនាធំចម្រុះលោក Stephen Townsend បាននិយាយឲ្យដឹងថា ប្រតិបត្តិការ ពិសេសរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម និងក្រុមសម្ព័ន្ធមិត្ត ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅតែបន្តធ្វើនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកបានសម្ដែងការសោកស្ដាយថា "វាមានអត្ថន័យសម្រាប់ប្រទេសរបស់យើង និងប្រជាជាតិទាំងអស់នៃសម្ព័ន្ធភាពដែលជាសមាជិក ដែលត្រូវបានពាក់លីជីវិតក្នុងការប្រយុទ្ធប្រឆាំង ដើម្បីកម្ចាត់សត្រូវដ៏អាក្រក់ និងដើម្បីការពារស្រុកកំណើតរបស់យើង"។

ក្រុម IS បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមអនឡាញថា ពួកសកម្មប្រយុទ្ធរបស់យើង បានបាញ់គ្រាប់រ៉ុកកែត Grad ទៅលើកងទ័ពអាមេរិក នៅទីក្រុង Tal Afar ដែលស្ថិតនៅភាគខាងលិចទីក្រុង ម៉ូស៊ូល។
គួររម្លឹកផងដែរថា នៅខែមុន នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានថ្លែងថា កងទ័ពអាមេរិក និងកងកម្លាំងចម្រុះ អាចស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ទោះបីជាភេរវករអ៊ីស្លាម ត្រូវបានកម្ចាត់ទាំងស្រុងក៏ដោយ៕
