តារាចម្រៀង សុខ ស្រីនាង ទើបតែចូលធ្វើកុងត្រា ច្រៀងនៅផលិតកម្ម ហង្សមាស មានរយៈពេលជាងបីខែមកទេ ពោលគឺបន្ទាប់ពីនាងបានបញ្ចប់កុងត្រារយៈពេលប្រាំឆ្នាំជាមួយ សាន់ដេ។ ទ្រនំថ្មីនេះ សុខ ស្រីនាង បានបង្ហាញឥទ្ធិពលគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះរយៈពេលតែជាងបីខែមកទេ តារាស្រីរូបស្រស់មានបទចម្រៀងជិត២០បទបានផលិតរួចរាល់ និងមានចេញលើកទីផ្សារ៦បទ។
សុខ ស្រីនាង បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube នៅថ្ងៃម្សិលមិញថា មកដល់ពេលនេះកុងត្រាដែលនាងបានធ្វើជាមួយ ហង្សមាស មានរយៈពេលជាងបីខែមកហើយ ។ ទ្រនំថ្មីនេះនាងមានការងាររវល់ច្រើន ពោលគឺពីថ្ងៃច័ន្ទដល់សុក្រជាប់រវល់ថតបទថ្មីៗ និងភាពយន្តឲ្យ ហង្សមាស ជាប់រហូត។ ដោយឡែក សៅរ៍អាទិត្យ គឺនាងចេញShowគ្មានពេលទំនេរជួបជុំគ្រួសារឡើយ។
សុខ ស្រីនាង បន្តថា ជាងបីខែនេះនាងមានបទចម្រៀងចេញនៅលើទីផ្សារមានចំនួន៦បទមកហើយ និងនៅមានបទចម្រៀង១១បទផ្សេងទៀតក៏បានផលិតចប់រួចរាល់ហើយដែរ រង់ចាំតែថ្ងៃចេញលក់តែប៉ុណ្ណោះ។ អ្នកចម្រៀងរូបនេះបន្តថា នៅទ្រនំថ្មីនាងមិនហ៊ាននិយាយថា ប្រិយភាពខ្លួនល្បីជាងនៅទ្រនំចាស់ទេ គឺនៅលើអ្នកគាំទ្រជាអ្នកមើលឃើញ ប៉ុន្តែសម្រាប់ការងារនាងពិតជាមានច្រើន រហូតគ្មានពេលធ្វើទៅទៀត។
ក្នុងបទសម្ភាសន៍នេះ ទោះជា សុខ ស្រីនាង មិនហ៊ានអះអាងថា នៅទ្រនំថ្មីមានការលើកស្ទួយកម្រិតណាក្ដី ប៉ុន្តែបើគេសម្លឹងមើលពីលទ្ធផលការងារជាក់ស្ដែង តារាស្រីរូបនេះហាក់កំពុងមានឥទ្ធិពលខ្លាំងនៅ ហង្សមាស ព្រោះនាងបានចូលច្រៀងពេលដ៏ខ្លីតែមានបទចម្រៀងរហូតដល់ជិត២០បទដែលជាប្រវត្តិសាស្ត្រថ្មីមួយ កម្រមានតារារូបណាទទួលបានបែបនេះឡើយ៕


