Sponsor
Amapapa News

ខេត្តសៀមរាប​៖ ​ក្រុម​អ្នក​បុរាណ​វិទ្យា​របស់​អាជ្ញាធរ​អប្សរា​បាន​ បន្ត​ប្រទះ​ឃើញ​ព្រះពុទ្ធ​បដិមា​ច្រើន​បំណែក​ទៀត​ ក្នុង​នោះ​​មាន​ព្រះ​ពុទ្ធ​បដិមា​មួយ​អង្គ ​ដែល​គេ​ស្គាល់​ថា ​ជា​ព្រះ​ពោធិ៍សត្វ​មាន​ព្រះ​នាម​ហៅថា​ «ភៃសជ្យ​គុរុ»​ ដែល​មាន​ន័យ​ថា​ ព្រះពុទ្ធ​គ្រូ​សេ្តច​ថ្នាំ​នៅ​សម័យ​បុរាណ។

ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​រៀបចំ​ពិធី​សាស​នា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​​៨ ​ខែ​សីហា​ ឆ្នាំ​២០១៧​ មុន​បន្ត​ជីក និង​លើក​ព្រះពុទ្ធ​រូប​ចេញ​ពី​កន្លែង​កំណាយ​។ ​បដិមា​ដែល​ខ្លះ​ជា​ព្រះពុទ្ធ​ប្រក់នាគ​ ត្រូវ​បាន​រក​ឃើញ​នៅ​រណ្តៅ​កំណាយ​ទី​៤​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រាសាទ​ទន្លេ​ស្ងួត​ ដែល​ជា​មន្ទីរ​ពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី​៧​ផងដែរ។

លោក អ៊ឹម​សុខរិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ឲ្យ​ដឹង​ថា បំណែក​ព្រះពុទ្ធរូប​ទាំង​នោះ​ត្រូវ​បាន​ជីក​ឃើញ​នៅ​ល្ងាច​ថ្ងៃ​៦ ខែ​សីហា ​ហើយ​តាម​ការ​ពិនិត្យ​ទម្រង់​នៃ​បំណែក​រូប​ទាំង​នោះ ​ថា​ជា​បំណែក​រូប​ផ្សេង​ៗ​ពី​គ្នា​។

បើ​តាម​លោក​ អ៊ឹម​ សុខរិទ្ធី បញ្ជាក់​ថា ​ក្នុង​ចំណោម​ព្រះពុទ្ធ​រូប​ទាំង​នោះ ​គឺ​មាន​បដិមា​មួយ​ដែល​គេ​ដឹង​ថា ជា​ព្រះពុទ្ធ​ស្តេច​ថ្នាំ​ ដោយ​ពិនិត្យ​លើ​ទម្រង់​រូប​ ដែល​នៅ​លើ​ព្រះហស្ថ ​ឬ​ដៃ​មាន​ដុំ​មូល​មួយ ​រាង​ដូច សាជី​។​ រូប​ទាំង​នោះ​តែង​តម្កល់​នៅ​គ្រប់​មន្ទីរពេទ្យ​នៅ​ក្នុង​រាជ្យ​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។

គួរ​រម្លឹក​ដែរ​ថា​ នេះ​ជា​បដិមា​ទី​២​ហើយ ដែល​អ្នក​បុរាណវិទ្យា​នៃ​គម្រោង​សិក្សាស្រាវជ្រាវ​នៃ​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​​ បាន​ប្រទះ​ឃើញ​នៅ​ក្នុង​គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទ​ទន្លេ​ស្ងួត។​ បដិមា​ដ៏​ធំ​មួយ​អង្គ​មាន​កម្ពស់​រហូត​ដល់​ទៅ ​១​,៩​០​ម៉ែត្រ​ ​និង​ស្មា​ទទឹង​រហូត​ដល់​ទៅ​ ០​,​៥​៨​ម៉ែត្រ ​បាន​រក​ឃើញ​នៅ​រណ្តៅ​កំណាយ​នៅ​ផ្នែក​ខាង​កើត​ប្រាសាទ​។ ក្នុង​រណ្ដៅ​នេះ​ដដែល ​ក៏​បាន​ប្រទះ​ឃើញ​បំណែក​២​ផ្សេង​ទៀត​ដែរ​។ តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ បំណែក​ទាំង​២​​នោះ​មាន​បំណែក​ជា​កំភួន​ជើង​ នៃ​រូប​បដិមា​ដ៏​ធំ​នោះ​។ ប្រភពនិង​រូបភាព៖ អាជ្ញាធរជាតិអប្សរា​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor