Sponsor
Amapapa News

សំបុត្រ​សំងាត់​របស់​ក្រុម​ តាលីបាន​ (Taliban ) ត្រូវ​បាន​បើក​ចំហ​ឲ្យ​ដឹង​ថា​ យើង​ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ ដក​កងទ័ព​ខ្លួន​ទាំងអស់​ចេញ​ពី​ប្រទេស​ អាហ្វហ្គានីស្ថាន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី​ (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​អង្គារ​ ទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៧។

លិខិត​នោះ​អះអាង​ថែម​ទៀត​ថា​ ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​ កំពុង​មើល​ស្រាល​ស្ថានភាព​ធ្ងន់ធ្ងរ​ ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ជនស៊ីវិល​ជា​ច្រើន​សែន​នាក់​ និង​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។ ក្រុម​សកម្ម​ប្រយុទ្ធ​ បាន​និយាយ​ថា​ យើង​ធ្វើ​សង្គ្រាម​ ដើម្បី​សន្តិភាព​ក្នុង​ប្រទេស​ទាំងមូល​ និង​បញ្ចប់​នូវ​វត្តមាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

ប្រជាជន​អាហ្វហ្គានីស្ថាន​ មិន​មាន​បំណង​អាក្រក់​ចំពោះ​ជនជាតិ​អាមេរិក​ ឬ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ទេ​ ប៉ុន្តែ​ប្រសិន​បើ​នរណា​ម្នាក់​បំពាន​លើ​ភាព​បរិសុទ្ធ​របស់​ពួក​គេ​នោះ​ យើង​មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​វាយ​ និង​ផ្ដួល​រំលំ​អ្នក​ដែល​មាន​បំណង​ឈ្លានពាន។

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​កំពុង​ពិចារណា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ សម្រាប់​ការ​ដាក់​ពង្រាយ​កងទ័ព​រាប់ពាន់​នាក់​ទៅ​កាន់​ប្រទេស​នោះ​ ដែល​កំពុង​ហែកហួរ​គ្នា​ដោយ​សង្គ្រាម​ ដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ភាព​ ដឹកនាំ​ដោយ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង​ ណាតូ​ (NATO)។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​ឆ្នាំ​ ២០១៦ ទីក្រុង​ វ៉ាស៊ីនតោន​ បាន​ចំណាយ​ថវិកា​ចំនួន​ ៧៨០ពាន់​លាន​ដុល្លារ​នៅ​អាហ្វហ្គានីស្ថាន​ និង​សម្លាប់​ជនស៊ីវិល​ប្រហែល​ ១៧៣.០០០នាក់​ ដោយ​យោង​តាម​គម្រោង​អាទិភាព​ជាតិ​ (NPP)​ ហើយ​បាន​ក្លាយ​ជម្លោះ​ដែល​កំពុង​អូស​បន្លាយ​យូរ​បំផុត​ដោយ​គ្មាន​ការ​បញ្ចប់​ច្បាស់លាស់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor