
កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានប្រកាសសាលក្រមផ្ដន្ទាទោសឈ្មោះ គុយ សិទ្ធិសក្កិ អតីតសង្សារ វ៉ាន់ លីឡា ដាក់ពន្ធនាគារ១ឆ្នាំ និងសងជំងឺចិត្តទៅដើមបណ្ដឹងឈ្មោះ សុខ ចិន្តា ហៅកញ្ញា វ៉ាន់ លីឡា ចំនួន២០០លានរៀល និងទុកសិទ្ធិឲ្យប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស តាមមាត្រា២១៧ និងមាត្រា៣៨.៣៩ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ប៉ុន្តែស្របគ្នានេះលោក សុខ ជំនោរ ហាក់នៅមានកង្វល់ ខណៈដែលរឿងនេះមិនទាន់ចប់ជាស្ថាពរ។
លោក សុខ ជុំនោរ បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មានKqube តាមទូរស័ព្ទថា មកដល់ពេលនេះទោះជារឿងក្ដីប្អូនស្រីលោក បានឈ្នះក្ដី តែតាមច្បាប់បានទុកពេលឲ្យជនជាប់ចោទរយៈពេលមួយខែ បើសិនជាមិនសុខចិត្ត បន្តរឿងក្ដីនេះទៅសាលាឧទ្ធរណ៍ ប៉ុន្តែរឿងនេះលោកពិតជាចង់ឲ្យតុលាការបញ្ចប់បានឆាប់ជាងនេះទៅទៀត ព្រោះបានអូសបន្លាយពេលជាងមួយឆ្នាំមកហើយ គឺប្អូនស្រីលោកខាតបង់ពេលវេលាការងារច្រើន។
តាមការបញ្ជាក់ពីលោក សុខ ជំនោរ ហាក់មានកង្វល់ច្រើនជុំវិញរឿងនេះ រហូតលោកបានស្នើសុំឲ្យតុលាការធ្វើការបញ្ចប់រឿងនេះមុនពេលមួយខែ គឺរឹតតែល្អ ហើយលោកក៏រំពឹងថា យ៉ាងយូរណាស់មួយខែក្រោយលោកនឹងបានឃើញរឿងនេះត្រូវបញ្ចប់ ។ លោកបន្តថា បើសិនជាមិនមានការតវ៉ាទៅឧទ្ធរណ៍ទេ លោកក៏គិតទុកជាមុនថា ជនជាប់ចោទនឹងចូលខ្លួនមកទទួលទោស ហើយបើសិនជាមិនមានការមកទទួលទោសទេ លោកក៏ជឿជាក់ថា តុលាការ នឹងធ្វើការនេះតាមច្បាប់ ដែលគេតែងដឹងថា គឺដល់ដំណាក់កាលចេញដីកាចាប់ខ្លួនតែម្ដង៕
